សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវទប់ស្កាត់ភាពជ្រុលនិយមក្នុងសាសនានីមួយៗ ដើម្បីធានាឱ្យបានថា កម្ពុជាគ្មានជម្លោះសាសនាជាដាច់ខាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវឱ្យគ្រប់សាសនាទាំងអស់រួមគ្នា ដោយធ្វើយ៉ាងណាកុំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ មិនថាសាសនាព្រះពុទ្ធ សាសនាអ៊ីស្លាម និងសាសនាគ្រីស្ទ នោះទេ គ្រប់មេដឹកនាំសាសនាទាំងអស់ ត្រូវប្រកាន់ជំហរសាមគ្គី និងយោគយល់គ្នា ពីព្រោះសហគមន៍ទាំងអស់រស់នៅក្បែរគ្នា រៀនសាលាជាមួយគ្នា ធ្វើកិច្ចការងារជាមួយគ្នា ព្រមទាំងមានឱកាសដូចគ្នានៅក្នុងជួររាជរដ្ឋាភិបាលនិងក្នុងវិស័យឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ៖ សង្គ្រាមផ្តើមចេញពីពីផ្នត់គំនិតរបស់មនុស្ស ហេតុដូច្នេះត្រូវទប់ស្កាត់រាល់ផ្នត់គំនិតជ្រុលនិយម ទាំងក្នុងវិស័យសាសនា និងក្នុងវិស័យអាណាចក្រ។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សង្គ្រាមមិនមែនផ្ទុះដោយសារអាវុធទេ វាផ្ទុះដោយសារមនុស្ស។ វាកើតចេញពីផ្នត់គំនិតជ្រុលនិយម។ ជំនាន់អាពត កូនហ៊ានសម្លាប់ឪពុកម្តាយចោល គឺដោយសារមនុស្ស ផ្នត់គំនិតមនុស្ស មនោគមន៍វិជ្ជា ហ៊ានរាយការណ៍ឱ្យគេយកឪពុកម្តាយ (ទៅសម្លាប់) ដោយគ្មានការយោគយល់ ដោយសារផ្នត់គំនិត អីចឹងហើយ ត្រូវទប់ស្កាត់រាល់ផ្នត់គំនិតជ្រុលនិយម ទាំងក្នុងសាសនា និងទាំងក្នុងអាណាចក្រ ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពទាំងអស់គ្នា ដើម្បីអនាគតយើងទាំងអស់គ្នា»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print