សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតជាសម្ងាត់ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យ ដើម្បីវាយប្រហារលើគោលដៅយោធា ក្នុងទឹកដីរុស្ស៉ី ដែលទីក្រុងមូស្គូប្រើជាមូលដ្ឋានវាយប្រហារលើទីក្រុង Kharkiv។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក៤នាក់ដែលបានបញ្ជាក់ថាការសម្រេចចិត្តរបស់លោក បៃដិន គឺអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកដើម្បីការពារខ្លួនឯង និងវាយប្រហារតែលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ស្ថិតនៅក្បែរព្រំដែនជាមួយតំបន់ Kharkiv តែប៉ុណ្ណោះ ជាទីដែលទីក្រុង មូស្គូបានបើកសមរភូមិសង្រ្គាមសាជាថ្មី កាលពីថ្ងៃទី១០ ខែឧសភា ជាមួយការដណ្ដើមកាន់កាប់បានភូមិអ៊ុយក្រែនមួយចំនួន។
មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងដូច្នេះថា «លោកប្រធានាធិបតីកាលពីពេលថ្មីៗនេះបានបញ្ជាឱ្យក្រុមការងាររបស់លោកអនុញ្ញាតឱ្យអ៊ុយក្រែនអាចប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយបកទៅនឹងការវាយប្រហារក្នុងតំបន់ Kharkiv។ បានន័យថាអ៊ុយក្រែនអាចវាយបកលើកងកម្លាំងរុស្ស៉ីដែលកំពុងវាយប្រហារ ឬត្រៀមវាយប្រហារលើ ពួកគេ»។
គួរបញ្ជាក់ថា ទីក្រុង Kharkiv គឺជាទីក្រុងធំទី២ របស់អ៊ុយក្រែនស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំដែនជាប់ជាមួយរុស្ស៉ី។ នេះគឺជាលើកទី២ នៅក្នុងឆ្នាំ២០២៤នេះដែល លោក ចូ បៃដិន បានប្ដូរចិត្តជាសម្ងាត់លើគោលនយោបាយពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ក្រោយប្ដូរចិត្តបញ្ជូនឱ្យអ៊ុយក្រែនជាសម្ងាត់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS។
ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោតរបស់លោក បៃដិន ដែលកន្លងមកមានការស្ទាក់ស្ទើរ ព្រោះខ្លាចធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនរាលដាលទៅជាសង្រ្គាមលោកកើតមានឡើង ក្នុងបរិបទដែលសម្ព័ន្ធមិត្តរបស់អាមេរិកកាន់តែច្រើនឡើងអំពាវនាវឱ្យសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលលោកខាងលិចផ្ដល់ឱ្យ វាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី៕ ដោយធីរីណា
រូបថត: Getty