ខេត្តកំពង់ឆ្នាំង ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ បានអនុញ្ញាតឱ្យអ្នកជំនាញបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព បឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០ C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ ព័ន្ធជាច្រើនរូប។
លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគម្រោងខាងលើ ដឹកនាំសម្របសម្រួល រៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដោយមានការចូលរួមពី អគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពបឋម។
សូមបញ្ជាក់ថា ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបប្រវែងជាង ៣ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំប្រវែងជាង ៥៨ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ ខណៈលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពបឋម ត្រូវបានលើកយក មកធ្វើបទបង្ហាញជូនថ្នាក់ ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងថា ក្រុមមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការណ៍ សិក្សាសមិទ្ធិលទ្ធភាព គម្រោងស្ថាបនា ផ្លូវជាតិលេខ៥០C រួចហើយ និងរង់ចាំការពិនិត្យសម្រេច អំពីឥណ ទានសម្បទាន ពីសាធារណរដ្ឋប្រជា មានិតចិន។
គម្រោងសាងសង់ស្ពានខេត្តកំពង់ឆ្នាំង-កំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ ធំប្រវែងជាង ៥៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាជិត ២៥០លានដុល្លារ។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ចែកចេញជាពីរផ្នែក ក្នុងនោះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រនិងគម្រោងសាងសង់ផ្លូវ ៥០C ប្រវែងផ្លូវសរុប ៥៨,២០៨គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) ទទឹង ១០ម៉ែត្រ លើទទឹងតួផ្លូវ ១១ម៉ែត្រ។ លោក ផន រឹម បានបញ្ជាក់ថា នៅពេលសាងសង់រួច ផ្លូវ និងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើចរាចរាចរណ៍ឆាប់រហ័សពីផ្លូវជាតិលេខ៥ ទៅលេខ៦ និងការតភ្ជាប់ទៅផ្លូវសំខាន់ផ្សេងៗទៀត ក៏ដូចជា ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់ ព្រមទាំងជួយពន្លឿនការអភិវឌ្ឍតំបន់នោះឲ្យកាន់តែរីកចម្រើន៕