ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃ ទី ៣១ ខែឧសភា ឆ្នាំ ២០២៤នេះថា៖ មុខសញ្ញា គ្រឿង ញៀន ម្នាក់ ត្រូវ បានកម្លាំងនគរបាលជំនាញ ស្រុកសំឡូត ចុះស្រាវជ្រាវ រហូត ឈាន ដល់ ការ បង្រ្កាប និងឃាត់ខ្លួន ដោយអនុវត្តដីកាចាប់ខ្លួនរបស់ សាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត កាលពីថ្ងៃទី ៣០ ខែឧសភា ម្សិលមិញនេះ នៅចំណុចក្រុមទី៦ ភូមិកណ្ដាលឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៩៨ ដប.ចខ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោក ឆែ វីរ: ចៅក្រមស៉ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ប៊ុន ភេត ហៅញ៉ូង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្ន នៅថ្ងៃទី៣១ ខែឧសភានេះដែរ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ៖អារុណរះ