ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងបំផុតដែលបានផ្តល់ឱកាសឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ រួមជាធ្លុងមួយជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិដ៏បវរជាទីស្នេហា ក្នុងសេចក្តីក្សេមក្សាន្ត មហាកិត្តិយស និងថ្លៃថ្នូរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ក្រោមប្រធានបទ «អ្នកស្នងមរតក»។
សម្តេចធិបតី បានថ្លែងបន្តថា ៖ សិល្បករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខដុមណីយកម្មសង្គម តាមរយៈសកម្មភាពចូលរួមថែរក្សា និងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់យើង។ នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងអំណរអរគុណដល់ទឹកចិត្តគោរពស្រលាញ់របស់សិល្បករ សិល្បការិនីគ្រប់ៗរូប បានចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតារបស់យើង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ សិល្បករគ្រប់ទម្រង់មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។
សម្តេចធិបតីបានបន្តថា សិល្បករបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា តួនាទីគន្លឹះរបស់សិល្បករក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។
ជាងនេះទៅទៀត សិល្បករខ្មែរច្រើនរាប់មិនអស់នៅគ្រប់ជំនាន់បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល រហូតជីវិតរបស់ខ្លួនដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ទម្រង់ ដោយបានបំផុតគំនិតច្នៃប្រឌីតថ្មី តាមរយៈសិល្បៈ វប្បធម៌បែបបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួនបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹងនៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ-សិល្បការនីកាន់តែមានសារ:សំខាន់ សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិ ឱ្យកាន់តែខ្លាំងក្លាឡើង ៕