ខេត្តព្រះសីហនុ៖ លោកឧត្តមនាវី ស្វាយ សុន្ធី មេបញ្ជាការរងទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងឱ្យដឹងថា៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ១គ្រឿង ជាប្រភេទនាវាពហុមុខងារ Type 071 ឈ្មោះ QILIAN SHAN លេខ 985 បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីបានបញ្ចប់សមយុទ្ធនាគមាស ឆ្នាំ២០២៤ និងបានលើកដាក់សម្ភារសមយុទ្ធនាគមាស រួចរាល់ត្រឡប់យកទៅប្រទេសចិនវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលចតរយ:ពេល ៦ថ្ងៃកន្លងមក (ថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤) ។
គួរជម្រាបជូនថា សមយុទ្ធនាគមាស លើកទី៤ ឆ្នាំ២០២៤ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» បានរៀបចំឡើងក្នុងបរិបទដែលពិភពលោក បាននិងកំពុងបន្តប្រឈម នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ការណ៍នេះជំរុញឱ្យកងទ័ពប្រទេសទាំងពីរជំនះគ្រប់ឧបសគ្គ រួមចិត្តតែមួយកៀកស្មាគ្នា ធ្វើការជាមួយគ្នាគ្រប់ការលំបាក រហូតសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។
មួយវិញទៀត តាមរយៈសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនលើកនេះ បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធានកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ព ប្រទេសទាំងពីរ សម្រាប់នាយទាហានបន្តវេនសិក្សារៀនសូត្រនាពេលអនាគត។
ក្នុងឱកាសអញ្ជើញបិទសមុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សមយុទ្ធយោធារវាងកងទ័ពកម្ពុជា-ចិន បានធ្វើឱ្យកងទ័ព ប្រទេសទាំងពីរទទួលបាននូវការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់តែជិតស្និតបន្ថែម រួមចំណែកដល់កិច្ចការពារសន្តិភាព សន្តិសុខស្ថិរភាពការអភិវឌ្ឍប្រកបដោយចេរភាពក្នុងតំបន់ និងសកលលោក។
សម្រាប់សមយុទ្ធនាគមាសដែលបានប្រព្រឹត្តឡើងលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» លើកទី៦ លើទឹកដីកម្ពុជា ត្រូវបាននាយឧត្តមសេនីយ៍ ទៀ សីហា អះអាងយ៉ាងដូច្នេះថា៖ «កងទ័ពទាំងពីរបានពង្រឹងនូវស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អប្រសើរបង្កើនការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសម្រាប់ការឆ្លើយតបការគំរាមកំហែង សន្តិសុខគ្រប់បែបយ៉ាងនាំមកនូវផលប្រយោជន៍ សុភមង្គលដល់ប្រទេសជាតិ និងប្រជាជននៃប្រទេស ទាំងពីររួមវិភាគទានដល់ការគាំទ្រគាំពារ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក»។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា សមយុទ្ធដែលបានធ្វើនាពេលនេះ គឺបានរៀបចំឡើងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយបានអនុវត្តជាក់ស្តែង និបានប្រើប្រាស់ទាំងយុទ្ធោបករណ៍ បរិក្ខា បច្ចេកវិទ្យាទំនើប ដូចជា៖ ដ្រូន គ្មានមនុស្សបើក សុនខយន្ត ដែលទាំងនេះបានលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងកងទ័ពជំនាញ បានរៀនសូត្រដកពិសោធន៍ ពង្រឹងសាមគ្គីគ្នាកាន់តែស្និទ្ធស្នាលបន្ថែមមួយកម្រិតទៀត លើជំនាញប្រតិបត្តិការប្រឆាំងលើភេរវកម្មរួមគ្នា និងការសង្រ្គោះមនុស្សធម៌ជាដើម។
បើតាមលោកឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា៖ «សមយុទ្ធលើកនេះ គឺជាវិធានការសំខាន់ក្នុងការ អនុវត្តសន្តិសុខការពារជាតិ និងការប្រាស្រ័យរវាងកងទ័ពទាំងពីរ (កម្ពុជា-ចិន) មានអត្ថន័យនយោបាយ កាទូត និងយោធា យូរអង្វែង។ ប្រទេសចិន និងប្រទេសកម្ពុជា សុទ្ធតែជាប្រទេសសំខាន់នៅក្នុងតំបន់ មានកាតព្វកិច្ចក្នុងការគាំពារសេរីភាព និងសន្តិភាពយូរអង្វែងទាំងក្នុងតំបន់ និងសកលលោក សមយុទ្ធលើកនេះផ្តោតសំខាន់ទៅលើការគំរាមកំហែងជាក់ស្តែងក្នុងតំបន់»។
ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង បានបន្តថា សម្រាប់ប្រធានបទនៃការធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នារវាងកងទ័ពកម្ពុជា-ចិន ពាក់ព័ន្ធនឹងការ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សរបញ្ជាក់ឱ្យឃើញថាជាការប្តេជ្ញាចិត្តយ៉ាងមោះមុតរវាងភាគីកម្ពុជា និងចិន ក្នុងការគាំពារ ជំរុញសន្តិភាពក្នុងតំបន់។
មេបញ្ជាការការរង និងជានាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនរូបនេះ បានបន្ថែមថា កិច្ចការងារការពារសន្តិសុខជាតិនៅតែវែងឆ្ងាយ ហើយស្ថានការណ៍នានានៅក្នុងសកលលោកដែលមិនធ្លាប់មាន ក៏មានការប្រែប្រួលយ៉ាងខ្លាំងក្លា ខណៈសង្គ្រាមនៅតាមតំបន់ ជម្លោះបានកើតឡើងជាញឹកញាប់ បន្ថែមពីនេះបញ្ហាសន្តិភាពនៅក្នុងតំបន់ និងពិភពលោកកំពុងតែប្រឈមបញ្ហាយ៉ាងស្មុគស្មាញ។
ជាមួយនឹងសំណួរសួរថាតើមនុស្សជាតិនឹងដើរទៅទីណា? ឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង បានលើកឡើងប្រធានាធិបតី ស៉ី ជីនពីង បានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍សកល គំនិតអភិវឌ្ឍន៍សន្តិសុខសកល និងគំនិតផ្តួចផ្តើមបរិស្ថានសកល ពួតដៃជាមួយបណ្តាប្រទេសជាមិត្តសាងសហគមន៍វាសនារួមមនុស្សជាតិទាំងមូលនេះក៏ជាកូសង់ស៉ីស និងក្តីរំពឹងទុករបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិមកពីប្រទេសចិន ជាមហាអំណាចចេះទទួលខុសត្រូវ ហើយអាចសរបញ្ជាក់ឱ្យឃើញថានេះជាការប្តេជ្ញាចិត្តរបស់ចិន ដើម្បីសន្តិភាពរបស់ពិភពលោក៕ដោយ៖តារា