ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជាសិស្សស្ថិតក្នុងវ័យកំពុងសិក្សាតែមិនចូលសាលាបែរជាមកប្រមូលផ្តុំគ្នានៅតាមហាងលក់ភេសជ្ជៈនៅក្រុងបាត់ដំបងត្រូវសមត្ថកិច្ចនាំមកធ្វើការអប់រំណែនាំនិងឱ្យអាណាព្យាបាលនាំយកទៅអប់រំកែប្រែ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានថ្លែងបន្តថា ជាក់ស្ដែង កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃអធិការនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុងបានដឹកនាំ កម្លាំងនគរបាលចុះពិនិត្យនៅទីតាំងលក់អាហារនិងភេសជ្ជៈមួយកន្លែងក្នុងក្រុមទី១២ ភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលកត់សម្គាល់ឃើញយុវជនជាសិស្សសាលាប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន នៅទីនោះ សមត្ថកិច្ចនគរបាលបានធ្វើការនាំខ្លួនពួកគេចំនួនសរុប១៤នាក់មានស្រី មានប្រុស មកកាន់អធិការ ដ្ឋានដើម្បីធ្វើការសាកសួរ ត្បិតតាមព័ត៌មានថា ការប្រមូលផ្តុំគ្នារបស់យុវជននៅទីនោះគឺពួកគេជាសិស្សតែមិន ចូលសាលារៀនទេ។
តាមរយៈការសាកសួរបានឱ្យដឹងថា ពួកគេគឺសុទ្ធតែជាសិស្សសាលា ប៉ុន្តែមិនបានចូលទៅសិក្សានៅសាលា នោះទេ គឺប្រមូលផ្តុំគ្នាមកពពាក់ពពូន សំកុកនៅតាមហាងខាងលើ ស្ទើររាល់ថ្ងៃ ហើយក្រោយការសាកសួរ សមត្ថកិច្ចនគរបាលបានអញ្ជើញអ្នកអាណាព្យាបាលរបស់គេមកទទួលយក ទៅអប់រំណែនាំនៅមូលដ្ឋានដើម្បីកុំឱ្យពួកគេគេចសាលាមកប្រមូលផ្តុំគ្នាបែបនេះទៀត។
សូមបញ្ជាក់ជូនថា តាមការកត់សម្គាល់នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង នេះមានទីតាំងលក់ភេសជ្ជៈ ឬលក់អាហារមួយចំនួនដែលមានការប្រមូលផ្តុំពពាក់ពពូនគ្នាជាច្រើន ហើយភាគច្រើនជាយុវជនឬជាសិស្សសាលាដែលតាមរយៈនេះសមត្ថកិច្ចនឹងចាត់វិធានការចុះទៅដល់ទីតាំងទាំងនោះដើម្បីនាំពួកគេមក សាកសួរឬមានវិធានការជាក់ស្តែងពិសេសចំពោះសិស្សានុសិស្សដែលគេចវេសមិនចូលសាលាហើយទីតាំងទាំងនោះក៏ត្រូវធ្វើការផ្សព្វ ផ្សាយជាសាធារណៈផងដែរព្រោះទីតាំងទាំងនោះតែទទួលឱ្យមានការប្រមូលផ្តុំពពាក់ពពូន សិស្សគេចសាលា តាំងពីព្រឹក រហូតដល់ពេលពេលយប់៕អរុណរះ