ភ្នំពេញ៖ ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កងម្លាំងមួកខៀវកម្ពុជា៦នាក់បន្ថែម បានធ្វើមាតុភូមិនិវត្តន៍មក ដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។ ពិធីទទួលកង កម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP)។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ប្រទេស កំណើតរបស់កម្លាំងទាំង ៦រូប និងពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រួមទាំងនាយឧត្តម សេនីយ៍ សែម សុវណ្ណនី ផងដែរ។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា កងកម្លាំងទាំង៦រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរកសុខសន្តិភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះ បង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសបាននាំ មកនូវកេរ្តិ៍ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា ជាប្រទេសធ្លាប់ទទួលអាជ្ញាធរជាតិបណ្តោះ អាសន្ន ហៅកាត់អ៊ុនតាក់ (UNTAC) បានកែប្រែខ្លួនមកជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ យ៉ាងសកម្ម និងបានទទួលការកោតសរសើរជាច្រើនពីអន្តរជាតិ។
ខណៈដែលកម្លាំងយើងត្រឡប់មកវិញ លោកក៏សង្ឃឹម ថាកម្លាំងទាំងអស់នឹងបន្តស្វ័យសិក្សាដោយខ្លួនឯង បង្កើនចំណេះជំនាញពិសេសភាសាបរទេស ដើម្បីប្រសិទ្ធភាពនៃការចូលរួមបេសកកម្មបន្តទៀតនាពេលអនាគត។ លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងទាំង ៦រូប ដែលបានបំពេញបេសកកម្មដោយជោគជ័យ និងបានជូនពរជួប ប្រទះតែសំណាងល្អ សុខភាពល្អ ជួបជុំគ្រួសារប្រកប ដោយសុភមង្គល។
កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងឈរជើងនៅសាធារណរដ្ឋម៉ាលី មានចំនួន៦នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសកំណើតនាខែមិថុនាខាងមុខនេះ៕