ខេត្តកំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងជាក់ស្ដែង។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមដំបូងខេត្តកំពង់ចាម បានធ្វេីឡេីងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួន២២ គ្រឿង មាន់រស់ចំនួន ០៥ ក្បាល ជញ្ជីងចំនួន ០១ គ្រឿង ស្កុតរុំជើងមាន់ចំនួន ២៨ ដុំ ខ្លាយមាន់ដែកចំនួន ០៦ គូ ប្រាក់រៀលចំនួន ៣៩០,០០០ រៀល ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ដោយ៖តារា