ខេត្តកំពត៖ ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការលក់ដូររបស់ពួកគាត់ដាច់ជាងមុខឆ្ងាយហើយបានធ្វើឱ្យជីវភាពមានភាពល្អប្រសើរ។ នេះជាការលើកឡើងពី ក្រុមអាជីវករដែលលក់ដូរនៅតំបន់ត្រីសេះសមុទ្របាញ់ទឹក មុខសាលាខេត្តចាស់។
អាជីវករទាំងនោះបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានសាងសង់រូបសំណាកត្រីសេះសមុទ្រនេះឡើង ធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយជួយដល់ជីវភាពរបស់ពួកគាត់។
រូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនោះ រូមសំណាកត្រីសេះសមុទ្របាញ់ទឹកនេះ ក៏បានជួយលើកកម្ពសសេដ្ឋកិច្ចខេត្ត ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលលក់ដូរ និងផ្តល់សេវកម្មផ្នែកទេសចរណ៍ផងដែរ។
ក្រុមអាជីវករដែលប្រកបរបរលក់ដូរនំចំណី និងអាហារផ្សេងៗនៅតំបន់រូបសំណាកត្រីសេះសមុទ្របាញ់ទឹកបានលើកឡើងថា ពីមុនការលក់ដូររបស់ពួកគាត់ពុំសូវដាច់ ហើយប្រាក់ចំណូលក៏បានតិចតួច តែក្រោយពេលដែលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលកសាងដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយការលក់ដូររបស់ពួកគាត់ក៏លក់ដាច់ជាងមុនមួយទ្វេជាពីរ។
ក្រុមអាជីវករបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង ពួកគាត់ក៏រកចំណូលបានច្រើន រីឯម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីស៊ត និងកន្លែងកម្សាន្តនានាក្នុងខេត្តក៏ទទួលបានភ្ញៀវទេសចរទៅសម្រាកកម្សាន្តច្រើនផងដែរ។ ក្រុមអាជីវករក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តកំពត ដែលបានធ្វើរូបសំណាកត្រីសេះសមុទ្របាញ់ទឹកនេះឡើង ធ្វើឱ្យពួកគាត់រកចំណូលបានច្រើន ជីវភាពក៏បានល្អប្រសើជាងមុនឆ្ងាយ ហើយរូបសំណាកត្រីសេះសមុទ្រនេះគឺជារូបសំណាកនាំសំណាងដល់ពួកគាត់ និងប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្ត តំបន់ដែលមានសក្តានុពលផ្នែកទេសចរណ៍នៅក្នុងខេត្តត្រូវបានយកចិត្តទុកដាក់ឱ្យមានការកែលម្អ បង្កើតកន្លែងស្នាក់នៅកន្លែងកម្សាន្តបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើន។ លោកប្រធានមន្ទីរបានបន្តថា ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងចាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅក៏ដោយ តែស្ថានភាពភ្ញៀវទេសចរនៅតែមានកំណើនមិនថមថយនោះទេ គឺមានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុងមួយសប្តាហ៍ភ្ញៀវមកលេងកម្សាន្តក្នុងរង្វង់ ៥ម៉ឺននាក់ ហើយភ្ញៀវបានទៅលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅទីតាំងរូបត្រីសេះសមុទ្របាញ់ទឹកប្រមាណជាង ១ម៉ឺននាក់។
សូមបញ្ជាក់ថា ៖ រូបសំណាកសេះសមុទ្របាញ់ទឹកក្នុងខេត្តកំពត កំពុងអួតសម្រស់និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តកាន់តែច្រើន ។
រូបសេះសុទ្រ ដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនិងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។ លោកអភិបាលខេត្តកំពតបានបន្ថែមថា បច្ចុប្បន្ននេះក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ ក្នុងន័យបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតំបន់ទេសចរណ៍។
រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពតរៀបចំសាងសង់ឡើងក្នុងន័យដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនក្នុងខេត្ត ។ រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ)នេះ មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្ញៀវពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត គឺជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ(ត្រីសេះសមុទ្រ) ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ ចំពោះរូបសំណាក សេះសមុទ្រ នេះ គឺត្រូវបានធ្វើឡើងទៅតាមរូបរាង ត្រីសេះសមុទ្រពិតប្រាកដ ហើយការរៀបចំឱ្យរូប សេះសមុទ្រនេះ មានបាញ់ទឹកតាមមាត់ ព្រោះសេះសមុទ្រជាធម្មតា តាមធម្មជាតិរបស់វាត្រូវតែព្រោះទឹកចេញពីមាត់។
សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ អាជ្ញាធរខេត្តកំពតបានបង្ហាញសមិទ្ធិផលថ្មីៗចំនួនពីរទីតាំងដើម្បីឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ដែលទីតាំងទី១.គឺសួនរូបសេះមុខសាលាខេត្តចាស់ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ទីតាំងទី២.គឺឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានថ្មថ្មី ដែលមានប្រវែងប្រមាណជាង ៦រយម៉ែត្រ ដែលទីតាំងទាំងពីរនេះអាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច ពិសេសឆ្នេរខ្សាច់កម្សាន្តអាចងូតទឹកកម្សាន្តផងដែរ ៕
ដោយ ៖ សិលា