សារព័ត៌មាន Reuters នៅថ្ងៃទី ២ខែមិថុនា បានផ្សាយថា អ្នកជួយសង្រ្គោះម្នាក់បានស្លាប់ អំឡុងព្យាយាមជួយសង្រ្គោះមនុស្ស ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារលើភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់។
អ្នកជួយសង្រ្គោះដែលបានស្លាប់ខាងលើមានអាយុ ៤២ឆ្នាំ បានស្ថិតនៅលើទូកមួយគ្រឿងដឹកអ្នកជួយសង្រ្គោះ៤នាក់ ដែលបានក្រឡាប់លិចកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ។ សាកសពអ្នកជួយសង្រ្គោះរូបនេះត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ។ ទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានត្រៀមលក្ខណៈជាច្រើនថ្ងៃមកហើយ ចំពោះមុខការព្រមានពីគ្រោះទឹកជំនន់ ដោយក្នុងនោះមានមនុស្សជាង ៣០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមាន សុវត្ថិភាព ខណៈតំបន់ខ្លះកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។
កាលពីឆ្នាំ២០២១ ផ្នែកជាច្រើននៃទ្វីបអឺរ៉ុបបានរងគ្រោះដោយសារទឹកជំនន់ ដែលបានសម្លាប់មនុស្សជិត ២០០នាក់ ហើយអាល្លឺម៉ង់ក៏ស្ថិត ក្នុងចំណោមប្រទេសរងគ្រោះខ្លាំងជាងគេដែរ។ គ្រោះធម្មជាតិនេះត្រូវបានសន្មត់ថាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យមានការអំពាវនាវ ការរឹតបន្តឹងវិធានការជូនដំណឹង និងសុវត្ថិភាព៕
រូបថត: Imago