ព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋភា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គនាក់។
សូមបញ្ជាក់ថា ៖ នាព្រឹកព្រលឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានដង្ហែចេញពីវត្តឧណ្ណាលោមមកកាន់ទីតាំងព្រះមេរុ(នៅខាងមុខវត្តបទុមវតី) ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះ ភ្លើងព្រះបរមសព បានប្រព្រឹត្តទៅប្រកបដោយភាព ជាទីសក្ការៈ ស្របតាម ប្រពៃណីជាតិស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ក្បួនដង្ហែព្រះបរមសពដែលមានចម្ងាយ ផ្លូវប្រមាណជា ៥គីឡូម៉ែត្រ មានក្បួនថ្មើរជើងចំនួន៥ផែន និងមានការចូលរួមពីមន្រ្តី មន្រ្តីកងយោធពលខេមរភូមិន្ទ នគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីរាជការអ្នកមុខអ្នកការ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងកាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា មន្រ្តីសង្ឃមកពីបណ្តាប្រទេសនានា ក្បួនឥស្លាមសាសនា និងក្បួនគ្រឹស្តិសាសនាផង។
តាមតម្រាយផ្លូវនៃក្បួនដង្ហែព្រះបរមសព មានមហាជន ពុទ្ធបរិស័ទអង្គុយលើកដៃប្រណម ដោយទឹកចិត្តក្រៀមក្រំ និងបានបង្ហាញអារម្មណ៍សោកស្តាយ អាឡោះអាល័យចំពោះការយាងសោយ ព្រះទិវង្គតរបស់ម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ៖ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយព្រះជរាពាធក្នុងជន្មាយុ ៩៣ព្រះវស្សា។ ព្រះសពរបស់សម្តេចសង្ឃ ត្រូវបានតម្កល់ធ្វើបុណ្យរហូតដល់១០០ថ្ងៃ។
ការយាង ចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ដែលធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញ នូវព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គមានស្នាព្រហស្ថក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ព្រះអង្គទទួលបានការគោរពស្រឡាញ់ពីមេដឹកនាំខ្មែរ និងប្រជាពលរដ្ឋខ្មែរ ចំពោះទឹកព្រះទ័យដ៏ល្អផូរផង់ មានក្តីសណ្តោសមេត្តាចំពោះពុទ្ធសាសនិកគ្រប់រូប។ សម្ដេចក៏ជាព្រះសង្ឃពុទ្ធសាសនាថេរវាទមួយព្រះអង្គដែលទទួលការគោរពស្រឡាញ់ពីបណ្ដាមេដឹកនាំអ្នកកាន់ពុទ្ធសាសនាជាច្រើននៅលើពិភពលោក ទាំងនិកាយថេរវាទ និកាយមហាយាន និងអន្តរសាសនា។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកំពូលៗ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរទំាងអស់ សូមវន្ទាឧទ្ទិសដល់ដួង ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ អគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់អំពីការប្រសូតិ ៖

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទ្រង់ប្រសូតក្នុងបច្ចិមយាមទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ១រោច ខែបុស្ស ឆ្នាំវក ចត្វាស័ក ព.ស.២៤៧៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ សម្តេចកិត្តិឧទ្ទេសបណ្ឌិត ប្រសូតក្នុងត្រកូលកសិករដែលមានបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់ ព្រមទាំងមានបងប្អូនប្រុសបង្កើត ៣នាក់ ក្នុងនោះ ២នាក់បានទទួលមរណភាពជាយូរមកហើយ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ជាបុត្រទីបី។
អំពីការសិក្សា និងបព្វជ្ជា (ការសាងផ្នួស)

ក្នុងវ័យកុមារ ដោយមានលក្ខណៈសម្បត្តិមកពីធម្មជាតិ គួបផ្សំនឹងការអប់រំពីសំណាក់មាតាបិតាផងនោះសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាកុមារមួយរូបដែលមានអត្តចរិតនិងអាកប្បកិរិយាថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារនិងចេះជួយទុក្ខធុរៈអ្នកដទៃ ចេះគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យគួរជាទីស្រឡាញ់រាប់អាន។ លុះបានអាយុ ១១ឆ្នាំ មាតាបិតាបានបញ្ជូនទៅសិក្សាអក្សរសាស្ត្រ នព្វន្តសាស្ត្រនិងចំណេះវិជ្ជាផ្សេងៗនៅវត្ត រាជបូណ៌ ស្រុកសៀមរាប ខេត្តសៀមរាប។
ក្នុងវ័យ ១៥ឆ្នាំ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុំអនុញ្ញាតពីមាតាបិតាដើម្បីចូលសាងផ្នួសបួសជាសាមណេរ។ លុះព្រះជន្មបាន ២១ព្រះវស្សា បានចូលសុំឧបសម្បទាបួសជាភិក្ខុភាវៈនៅវត្តរាជបូណ៌។បន្ទាប់មក សម្តេច បានថ្វាយបង្គំលាព្រះឧបជ្ឈាយ៍ដើម្បីទៅសិក្សាបន្តផ្នែកព្រះបរិយត្តិធម៌ នៅវត្តសារាវ័នតេជោ ក្រុងភ្នំពេញ។
អំពីគោរម្យ៍ងារ និងសមណស័ក្តិ ៖
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ទទួលបានគោរម្យ៍ងារ និងសមណស័ក្តិ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២៤ ដែលមានសរុបចំនួន ២៥ គោរម្យ៍ងារ និងសមណស័ក្តិ។

អំពីគ្រឿងឥស្សរិយយស ៖
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ទ្រង់បានទទួលនូវគ្រឿងឥស្សរិយយស រួមមាន៖ មេដាយមុនីសារាភ័ណ្ឌ, មេដាយអស្សរិទ្ធិមុនីសារាភ័ណ្ឌ, មេដាយមាសស្ថាបនាជាតិ, មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឍន៍ និង មេដាយខ្ពស់បំផុតថ្នាក់ ជាតូបការ ។
អំពីស្នាព្រះហស្តនិងសមិទ្ធផល ៖
សញ្ញាបត្រដែល សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទ្រង់បានចងក្រង និពន្ធ សៀវភៅ និងការងារសាសនាមួយចំនួន មានដូចជា៖ សៀវភៅអក្ខរកម្ម, សៀវភៅច្បាប់ប្រុស ច្បាប់ស្រី, បោះពុម្ពសៀវភៅនគរកាយ, បោះពុម្ព សៀវភៅក្រមច្បាប់, សៀវភៅតម្រាក្បួនខ្នាតព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាវិបស្សនាធុរៈ។

សូមជម្រាបថា ៖ មុនព្រះរាជពិធីនេះ ក្រសួងព័ត៌មាន និងក្រសួងធម្មការ និងសាសនា បានរៀបចំសិក្ខា សាលាស្តីពី ការប្រើប្រាស់ប្រាស់ពាក្យគន្លឹះក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសពដល់អ្នកសារព័ត៌មាន ដើម្បី ប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ សម្រាប់ចងក្រងទុកជាឯកសារតែមួយ សម្រាប់ប្រើប្រាស់ពីមួយជំនាន់មួយទៅជំនាន់មួយទៀត។
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ៖ កម្មវត្ថុនៃការរៀបចំសិក្ខាសាលានេះ ដើម្បីឱ្យ បងប្អូន អ្នក សារព័ត៌មាន ពិធីករ ពិធីការនី នៃស្ថាននីយ៍ទូរទស្សន៍ និងវិទ្យុផ្សេងទៀត ដែលត្រូវចូល រួមយកព័ត៌មាន ក៏ដូចជាពណ៌នានូវសកម្មភាពនៃការដង្ហែរព្រះបរមសព និងការថ្វាយព្រះភ្លើង ព្រះបរមសព ត្រូវប្រើប្រាស់នូវពាក្យពេចន៍ ដែលក្រសួងធម្មការ និងសាសនា បានស្រង់នូវពាក្យគន្លឹះចំនួន ២៦ ពាក្យ ដែលសុទ្ធសឹងតែជាពាក្យដែលត្រូវប្រើប្រាស់ក្នុងព្រះរាជពិធីនេះ។

លោកបន្តថា ពីព្រោះកម្ពុជា ជាប្រទេសដែលមាន អរិយធម៌រុងរឿងយូរណាស់មកហើយ និងជាប្រទេស ដែល សម្បូរទៅដោយវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដូច្នេះត្រូវប្រើប្រាស់ ពាក្យពេចន៍ ឱ្យបានត្រឹ ម ត្រូវតាមឋានានុក្រម។លោកថ្លែងថា៖«ដូច្នេះ!នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនេះ គឺជាឱកាសមួយដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការចូលរួមផ្សព្វផ្សាយបង្កើនចំណេះដឹង សម្រាប់អ្នកសារព័ត៌ មានឱ្យ យល់ដឹងអំពីឋានានុក្រមនៃពាក្យពេចន៍ដែលប្រើប្រាស់ និងដើម្បីបញ្ជ្រាបពង្រឹងចំណេះដឹង ដល់ប្រជាពលរដ្ឋដែលជាអ្នកស្តាប់ ទស្សនា និងអានអត្ថបទឱ្យត្រឹមត្រូវ»។
លោកបន្ថែមទៀតថា អ្វីដែលយើងចង់បង្ហាញគឺភាពសម្បូរបែបប្រពៃណីទំនៀមទំនាប់ក្នុងសាសនាក្តី សង្គមក្តី នៅក្នុងការប្រើប្រាស់ពាក្យពេចន៍នេះ គឺជាការបង្ហាញនូវអំណាចរបស់ប្រទេសកម្ពុជា ដែលជា ប្រទេស ត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចវប្បធម៌ ប្រពៃណីទំនៀមទំលាប់សម្បូរបែប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print