បោះឆ្នោតឥណ្ឌា៖ សរុបមានពលរដ្ឋ ៦៤២លាននាក់បានទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌា លោក Rajiv Kumar បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះថា ប្រជាជនឥណ្ឌាសរុបចំនួន ៦៤២លាននាក់ បានចូលរួមបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតសកល ដែលទើបតែបិទបញ្ចប់ ក្រោយប្រព្រឹត្តទៅ អស់រយៈពេល៦សប្តាហ៍។

តួលេខខាងលើគឺខ្ពស់ជាងតួលេខ៦១២លាននាក់ នៃប្រជាជនឥណ្ឌា ដែលបានចូលរួមបោះឆ្នោត ក្នុងការបោះឆ្នោតសកល កាលពីឆ្នាំ២០១៩ ប៉ុន្តែបើគិតអំពីអត្រានៃអ្នកទៅបោះឆ្នោត ក្នុងចំណោមប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺវាទាបជាង៥ឆ្នាំមុន ប្រហែល១ភាគរយ។ នៅក្នុងការបោះឆ្នោតសកលឥណ្ឌាឆ្នាំ២០២៤នេះ ៦៦.៣ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោត ខណៈកាលពីឆ្នាំ២០១៩ គឺ៦៧.៤ភាគរយ។
ដំណើរការបោះឆ្នោត នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ លើពិភពលោកមួយនេះ បានចាប់ផ្តើមតាំងតែពីថ្ងៃទី១៩ ខែមេសា ហើយមាន៧ដំណាក់កាល។ ការបោះឆ្នោតនៅដំណាក់កាលទី៧ ដែលជាដំណាក់កាលចុងក្រោយ បានបិទបញ្ចប់ទៅវិញ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយការរាប់សន្លឹកឆ្នោត ព្រមទាំងការប្រកាសលទ្ធផលត្រូវគេរំពឹងថា នឹងធ្វើឡើងនាថ្ងៃអង្គារសប្តាហ៍នេះ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ត្រូវគេមើលឃើញថា ទំនងជានឹងបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ៣អាណត្តិជាប់ៗគ្នា៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print