លោក ហ៊ុយ វណ្ណៈ ៖ គុណតម្លៃនៃប្រព័ន្ធ «Check and Balance» នៅក្នុងអភិបាលកិច្ច ដែលអាចជួយពង្រឹងបាននូវគុណភាពស្ថាប័ន ជាពិសេសជួយទប់ស្កាត់អំពើពុករលួយ ការប្រព្រឹត្តខុសឆ្គងក្នុងសមត្ថកិច្ច និងការបំពានអំណាច

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំគួរចែករំលែកដោយសង្ខេបអំពី គុណតម្លៃនៃប្រព័ន្ធ «Check and Balance» នៅក្នុងអភិបាលកិច្ច ដែលអាចជួយពង្រឹងបាននូវគុណភាពស្ថាប័ន ជាពិសេសជួយទប់ស្កាត់អំពើពុករលួយ ការប្រព្រឹត្តខុសឆ្គងក្នុងសមត្ថកិច្ច និងការបំពានអំណាច។ នេះជាការលើកឡើងពី លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា «សសសក» នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

លោក ហ៊ុយ វណ្ណៈ  បានបកស្រាយយ៉ាងលម្អិតលើផេកផ្ទាល់ខ្លួនថា ៖ 

ក- ស្គាល់តម្រូវការ ៖ ដំបូងបំផុត យើងសួរខ្លួនឯងសិន តើយើងចង់បានប្រព័ន្ធអភិបាលកិច្ចរបៀបណា? តើចង់បានត្រឹមហៅឱ្យពីរោះថា «អភិបាលកិច្ច» ដែលមានន័យថា «ការដឹកនាំ» ឬ «ការគ្រប់គ្រង»? ឬចង់ប្រែក្លាយឱ្យទៅជាអភិបាលកិច្ចល្អ? អភិបាលកិច្ចស្អាតស្អំ? និងឈានទៅអភិបាលកិច្ចប្រកបដោយគណនេយ្យភាពសង្គម? ដរាបណា យើងស្គាល់តម្រូវការ ហើយចង់បានអ្វីពិតប្រាកដ នោះទើបយើងអនុវត្តប្រព័ន្ធ «Check and Balance» បានត្រឹមត្រូវ ស្របតាមស្ថានភាព និងបរិបទរបស់យើង។ 

ខ- ស្គាល់លក្ខណៈ ៖ ខ្ញុំសន្និដ្ឋានសរុបថា ប្រព័ន្ធ «Check and Balance» មានយ៉ាងហោច៣ទម្រង់ 

១• ប្រព័ន្ធ «Check and Balance» រវាងបក្សកាន់អំណាច និងបក្សប្រឆាំង។

២• ប្រព័ន្ធ «Check and Balance» ដែលអនុវត្តដោយស្ថាប័នជាតិរវាង នីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ។

៣• ប្រព័ន្ធ «Check and Balance» នៅផ្ទៃក្នុងស្ថាប័ន។ បើសិក្សាឱ្យស៊ីជម្រៅនៅក្នុងបច្ចេកទេសពង្រឹងស្ថាប័ន ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនេះ គឺសំខាន់បំផុត។

គ- គុណតម្លៃ ៖ ប្រព័ន្ធ «Check and Balance» មានគុណតម្លៃបង្កើតឱ្យមានវប្បធម៌ចូលរួម, គណនេយ្យភាព, តុល្យភាព, តម្លាភាព, ហើយលើសពីនេះ គឺរក្សាបាននូវ «ភាពបន្តទៅមុខរបស់ស្ថាប័នសង្គម»។ យើងទទួលស្គាល់ថា តួអង្គអ្នកធ្វើ គឺសំខាន់ជាងគេ។ ប៉ុន្តែជាមួយគ្នា យើងក៏អាចដកឃ្លាមកគិតបែបនេះ ដោយយកករណីកសាងស្ពាន១ ធ្វើជាឧទាហរណ៍ ដើម្បីពិនិត្យ នោះយើងនឹងឃើញមានតួអង្គដូចជា៖  អ្នកផ្តួចផ្តើមគំនិត, អ្នកសិក្សាគម្រោង, អ្នកសិក្សាផលប៉ះពាល់សង្គមសេដ្ឋកិច្ច, អ្នកគូសប្លង់, អ្នកសាងសង់, និងអ្នកវាយតម្លៃ។ ដូច្នេះ ឧទាហរណ៍ខាងលើនេះ ឆ្លុះឱ្យឃើញថា វាមាន៖ អ្នកគិត, អ្នកគូរ, អ្នកធ្វើ, អ្នកត្រួតមើល, និងអ្នកវាយតម្លៃ។ នេះហើយជាដំណើរនៃប្រព័ន្ធ Check and Balance។ 

អតីតអ្នកកាសែតពហុជំនាញក្នុងវិជ្ជាជីវៈ អ្នកនិពន្ធ បានរម្លឹកថា ៖ * អ្វីៗអាចចាប់ផ្តើមមួយជំហ៊ានម្តងៗ ស្របតាមបរិបទនិងតម្រូវការជាក់ស្តែង។ ស្ថាប័នរឹងមាំ វប្បធម៌ការងារកាន់តែប្រសើរ បូកផ្សំនឹងការចូលរួមពីគ្រប់ទម្រង់ នោះជួយធ្វើឱ្យនាវាសង្គមទៅមុខប្រកបដោយលំនឹង រីកចម្រើន សុខដុមរមនា និងសុវត្ថិភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print