ខេត្តតាកែវ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ធ្វេីការការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រេីប្រាស់នូវសារធាតុញៀន ខណៈជនសង្ស័យម្នាក់ជាអ្នកជួញដូរគ្រឿងញៀនបានរត់គេចខ្លួនបាត់ ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន បានឲ្យដឹងនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តតាកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ទេីបនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះ ដូចខាងក្រោម៖
១.ឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។
២.ឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ ហេីយកម្លាំងជំនាញបានឆែកឆេររកឃេីញវត្ថុតាងមួយចំនួននិងដកហូតមានដូចជា ៖ ទី១.ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ ។ ទី២.ទូរស័ព្ទ ចំនួន០១គ្រឿង។ ទី៣.ម៉ូតូចំនួន០១គ្រឿង ។
បន្ទាប់ពីបានសាកសួរជនសង្ស័យទាំង០២នាក់ខាងលើរួចមក ជនសង្ស័យទាំង០២នាក់បានឆ្លើយថា ខ្លួនបានយកថ្នាំញៀនពីឈ្មោះ ទឺ សារៈ (ហៅណេង) ទេីបលោកអធិការនគរបាលស្រុក បានសុំយោបល់ពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធី ។ បន្ទាប់មកកម្លាំងបានចុះទៅដល់ទីតាំងដែលជនសង្ស័យបានទិញថ្នាំញៀនគឺជាផ្ទះរបស់ឈ្មោះ ទឺ សារៈ (ហៅ ណេង) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ តែឈ្មោះ ទី សារៈ បានរត់គេចខ្លួនបាត់ រួចកម្លាំងយើងបានធ្វើការឆែកឆេរនិងបានរកឃើញវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ ទី១.ម្សៅក្រាមពណ៌សថ្លា ចំនួន៧៥កញ្ចប់ (កញ្ចប់ធំ១៣ និងកញ្ចប់តូច៦២) ។ ទី២.ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀន ចំនួន១៥ដុំ ។ ទី៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ទី៤.កាតាបស្ពាយសម្រាប់ដាក់ថ្នាំញៀន ចំនួន០១។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ