សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារចំនួន ៥ ពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើរបាយការណ៍ និងបានសម្រេច ដូចខាងក្រោម៖ ១. កែសម្រួលខ្លឹមសារនៃរបាយការណ៍ ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលបានប្រើក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

២. ឯកភាពលើតារាងចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា- ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ តាមតួលេខក្នុងតារាងនោះ អ្នកបានទៅបោះឆ្នោតចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩.៧៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១១.៦២២ នាក់។

៣. ឯកភាពលើសេចក្តីសម្រេច ស្តីពីការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមសិក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៥។

៤. ឯកភាពលើសេចក្តីសម្រេច ស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតតាមមណ្ឌលបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

៥. ឯកភាពលើសេចក្តីសម្រេច ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលមានទម្រង់បែបបទលេខ ១១១៨ ខ និងទម្រង់បែបបទ ១១១៨ ស។
ក្នុងរបៀបវារៈផ្សេងៗ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ក្រុមអ្នកនាំពាក្យ និងក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ត្រៀមឆ្លើយតបទៅនឹងបញ្ហានានាដែលពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងករណីមានមតិរិះគន់ដោយមិនសមហេតុផល លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នេះ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី៤ ខែមិថុនា នេះ វេលាម៉ោង ៤:០០ រសៀល។

អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១០:០០ ព្រឹកនាថ្ងៃខែឆ្នាំដដែល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print