ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក្រើនរម្លឹកមន្រ្តីទាំងអស់ ត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលនិងស្មារតីបុរេសកម្ម ។
សូមបញ្ជាក់ថា ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់មន្ទីពេទ្យទាំងឡាយ ត្រូវស្វែងយល់ពីបច្ចេកទេសព្យាបាលនៅប្រទេសជឿនលឿនបំផុតផ្នែកវេជ្ជសាស្ត្រ និងទស្សនកិច្ចសិក្សាពីមន្ទីរពេទ្យនៃប្រទេសទាំងនោះ ដើម្បីយកមកអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព កម្រិតអតិបរមា។ ការលើកទឹកចិត្ដរបស់ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្នុងដើមខែមិថុនានេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានថ្លែងក្រើនរម្លឹក អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ឬប្រព្រឹត្តកំហុសណាមួយ ដែលប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងសូមបុរេសកម្មចំពោះវិស័យសុខាភិបាលរួមទាំងវិស័យឯកជន។
លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តសកម្មភាពក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។
លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយបុរេសកម្ម តាមដាន អភិបាលកិច្ច និងការកែលម្អគ្រប់ចំណុចដែលបានរកឃើញដើម្បីធានាបានប្រសិទ្ធភាព និងចីរភាព៕