ខេត្តបាត់ដំបង+ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវមុខសញ្ញាសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លី ជាង៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅលំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២ រសៀល ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីលោក ទុគ វីនិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ទើបកម្លាំងស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តព្រះសីហនុ បានធ្វើការសហការជាមួយលោកឧត្តមសេនីយ៍ត្រី លីម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះធ្វើការឆែកឆេរទៅលើលំនៅដ្ឋានមួយកន្លែងដែលម្ចាស់ផ្ទះមានឈ្មោះ សាន់ ភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបញ្ជាក់ថា ៖ អាវុធវែងខ្លីទាំងជាង ៤០ដើម ដែលដកហូតបាន រួមមាន ប្រភេទ AK៤៧ ចំនួន ១១ដើម, M១៦ ចំនួន ៤ដើម, M៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម។ ក្រៅពីនេះក៏មានបង់ AK ២៩បង់, M១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារកែច្នៃមួយចំនួនទៀត។
បច្ចុប្បន្ន ស្ត្រីជនសង្ស័យជួញដូរអាវុធខុសច្បាប់នេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ នាំយកទៅសួរនាំ និងកំពុងអនុវត្តនីតិវិធីច្បាប់៕