គាស់សោទ្វារចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិ ម្ចាស់ទាន់បិទខ្ទប់ទ្វារ ផ្អើលសមត្ថកិច្ចតាមចាប់ រត់ចោលម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ទៅធ្វើសកម្មភាពគាស់សោទ្វារផ្ទះ ដែលក្រុមជាងកំពុងជួសជុល ចូលទៅប៉ុនប៉ងលួចទ្រព្យសម្បត្តិ ម្ចាស់ឃើញទាន់ ខ្ទប់បិទទ្វារពីក្រៅ រាយការណ៍ប្តឹងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ផ្អើលនាំគ្នាតាមស្វែងរក ជនសង្ស័យ ផ្លោះគេចខ្លួន រត់ចោលម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខB06 ផ្លូវបេតុងលេខ1 កែងផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់អ្នកមើលការខុសត្រូវផ្ទះឈ្មោះ យ៉ង់ យ៉ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅនិងធ្វើការងារ ផ្ទះកើតហេតុ មានស្រុកកំណើតភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

តាមបុរសខាងលើបានឱ្យដឹងថា ក្រុមជាងរបស់គាត់ ត្រូវបានម្ចាស់ផ្ទះ ជួលឱ្យធ្វើការជួសជុលផ្ទះ ចំនួន៣ល្វែងជាប់គ្នា ហើយកន្លងមកធ្លាប់មានជនសង្ស័យលួចសម្ភារៈ ជាងអស់មួយចំនួនម្តងរួចហើយ ស្រាប់តែនៅព្រឹកថ្ងៃនេះ ចាក់សោផ្ទះពីក្រៅ រវល់តែនៅការ៉ាស់សាំង ផ្លូវម្ខាងទៀត ឃើញជនសង្ស័យជិះម៉ូតូ ហុងដាឌ្រីម សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-1557 ទៅឈប់ ហើយចុះគាស់ឆ្គឹះសោទ្វារផ្ទះ ចូលក្នុងផ្ទះ ឃើញដូច្នោះ រត់ទៅទាញបិទទ្វារខ្ទប់ពីក្រៅ ស្រែកឆោឡោ រាយការណ៍ប្តឹងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ចូលតាមស្វែងរកជនសង្ស័យ តែឮសូរសម្លេងផ្លោះពីផ្ទះមួយទៅផ្ទះមួយ គេចខ្លួនបាត់ សល់តែម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ ។

កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ កម្មករសំណង់ នាំគ្នាចូល ឡើងតាមស្វែងរកជនសង្ស័យ តែមិនឃើញ ទើបសមត្ថកិច្ចសម្រេចយកម៉ូតូរបស់ជនសង្ស័យ ទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី៣ និងបន្តធ្វើការស្រាវជ្រាវ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print