សម្តេចតេជោ ហ៊ុន សែន មានអនុសាសន៍៣ចំណុច ពង្រឹងកិច្ចសហប្រតិបត្តិការនិងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពេលទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នាថ្ងៃពុធនេះម្សិលមុិញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍ ចំនួន៣ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងវិនិយោគ រវាងប្រទេសទាំងពីរ។

ក្នុងនោះសម្រាប់អនុសាសន៍ទី១ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង ។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោបានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត ។ ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។

សម្រាប់អនុសាសន៍ទីពីរ ៖ គឺទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដោយសម្ដេចតេជោ សង្កេតឃើញថាមានទំហំកើនឡើង តែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថា យើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម ។

រីឯអនុសាសន៍ទី៣ ៖ ទាក់ទងវិស័យសុខាភិបាល សម្ដេចតេជោប្រធានព្រឹទ្ធសភា បានណែនាំឱ្យ លោក ឯកអគ្គរដ្ឋទូត ធ្វើការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរ និង មានការចាប់អារម្មណ៍ទៅលើការរីកចម្រើននូវវិស័យបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ីផងដែរ។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីសន្យាថានឹងខិតខំពង្រឹងនិងពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងឥណ្ឌូណេស៊ី និងកម្ពុជាអោយកាន់តែរឹងមាំថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print