ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ក្រសួងសុខាភិបាលពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកាពី ក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផល ជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មក ជាមួយ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញ ឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមាន ពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់មក ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ផលិតផលជំនួយសុខភាពដែលគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានា បាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យ ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខ បញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ ផលិតផលជំនួយ សុខភាពនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែល ចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរសព្ទ ០១១ ៣៨៣ ១២៨ ឬ ០១២ ៩៨៣ ៣៣៤ ឬ ០១៧ ៦០៦ ៦៧០៕