អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៤ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនៃប្រទេសបីស្តីពីគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានបានធ្វើឡើងនៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិន លោក Sadry Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថានបានថ្លែងការអបអរសាទតាមប្រព័ន្ធវីដេអូ។
គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ លោក Xi Jinping បានលើកឡើងថា ផ្លូវដែកចិន -កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានជាគម្រោងជាយុទ្ធសាស្រ្តសម្រាប់ការតភ្ជាប់គ្នារវាងចិននិងអាស៊ីកណ្តាល ដែលជាគម្រោងនិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយនេះនឹងផ្តល់ជាមូលដ្ឋានគ្រឹះខាងផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ការកសាងគម្រោងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ដែលជាសញ្ញាកត់សម្គាល់ថា ផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថានកំពុងប្រែក្លាយពីទស្សនទានទៅជាការពិត និងបានបង្ហាញចំពោះសហគមន៍អន្តរជាតិពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសទាំងបីក្នុងការសហការគ្នានិងស្វែងរកការអភិវឌ្ឍជាមួយគ្នា។ ចិនរីករាយរួមសហការជាមួយកៀហ្ស៊ីស៊ីស្ថាននិងអ៊ូសបេគីស្ថាន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រៀមលក្ខណៈគ្រប់ផ្នែកសម្រាប់ការចាប់ដំណើរការគម្រោងនេះក្នុងន័យបញ្ចប់ការសាងសង់ឱ្យបានឆាប់នូវច្រកយុទ្ធសាស្រ្តដែលមានអំណោយផលដល់ប្រទេសទាំងបី និងប្រជាជននៃប្រទេសទាំងបី ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់៕