ខេត្តសៀមរាប ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០» នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ញាសិប្បនិម្មិតបានក្លាយជាបច្ចេកវិទ្យាលេចធ្លោជាងគេនៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើន ដូចជា បច្ចេកវិទ្យានៃការប្រើប្រាស់ហ្សែន និងការផ្ទៀងផ្ទាត់ទិន្នន័យជីវសាស្រ្តជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិត យើងអាចមើលឃើញការប្រើបញ្ញាសិប្បនិម្មិតស្ទើរតែគ្រប់ទីកន្លែងក្នុងជីវិតរបស់យើងតួយ៉ាងដូចជាការបំពេញកិច្ចការសាមញ្ញៗក្នុងការស្វែងរកព័ត៌មាននៅលើទូរសព្ទឆ្លាតវ័យជាដើម។ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរដូចជា បញ្ហាក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពស្មើគ្នា កង្វល់ និងឯកជនភាពនៃទិន្នន័យ និងតម្រូវការនៃការបណ្តុះបណ្តាលជាដើម ដូច្នេះយើងត្រូវបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ ធ្វើឲ្យជីវិតមនុស្សកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន, ជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម ធម្មជាតិ និងភពផែនដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាពរបស់មនុស្សជាតិ, ជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ, ធ្វើឲ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន, បានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម, ធម្មជាតិ និងភពផែនដីរបស់យើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ពិភពលោកបានឆ្លងកាត់រលកជាច្រើន នៃការជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលបានផ្លាស់ប្តូរទាំងស្រុងនូវមូលដ្ឋានឧស្សាហកម្ម, ទិដ្ឋភាពសង្គម បូករួមទាំងឥរិយាបថរបស់មនុស្សជាតិ។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា មនុស្សបានកាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ, បង្កើនល្បឿន និងពង្រឹងសកលភាវូបនីយកម្ម ដែលបានជួយធ្វើឲ្យពិភពលោកកាន់តែខិតជិតគ្នា និងបានផ្ដល់នូវកាលានុវត្តភាពជាច្រើន នៅលើទិដ្ឋភាពនៃការចែករំលែកចំណេះដឹង និងការបង្កើតធនធានសេដ្ឋកិច្ច សម្រាប់ពិភពលោកទាំងមូល។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា កត់សម្គាល់ថា អាស៊ានពិតជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីសកលភាវូបនីយកម្ម ដែលគាំទ្រដោយការរីកចម្រើន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយសកលភាវូបនីយកម្មនេះហើយ ដែលបានប្រែក្លាយតំបន់អាស៊ាន ពីតំបន់ដែលមានប្រទេសភាគច្រើន ទើបទទួលបានឯករាជ្យថ្មីៗ ទៅជាមជ្ឈមណ្ឌលនៃកំណើនដ៏សំខាន់មួយនៃពិភពលោក៕