ភ្នំពេញ ៖ ពិធីមង្គលការពិធីការិនី យ៉ែម ស្រីពេជ្រ និង ពូណុយ បានរៀបចំឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីអ្នកទាំងពីរបានដើរចែកលិខិតអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈចូលរួមយ៉ាងច្រើនកុះករផងដែរនោះ។
នាថ្ងៃនេះ មានអ្នកនិយមលេង Facebook បានបង្ហោះថា ៖ «អបអរសាទរ ! ពូណុយ ថ្ងៃជ័យមង្គល💍របស់ពូណុយ Ban Samnangកញ្ញា យ៉ែម ស្រីពេជ្រ Yem sreypich នៅ PNN ពិតៗ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤»!
សូមជម្រាបជូនផងដែរថា ៖ មហាជនជាច្រើនកំពុងទន្ទឹងរង់ចាំ ដល់ថ្ងៃអ្នកទាំងពីរចូលរោងការ រហូតដល់មានអ្នកខ្លះ បានលើកឡើងថា ជាករណីមិនពិត ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងសម្រាប់ជីវិតគូស្រករ ពិធីការិនី យ៉ែម ស្រីពេជ្រ និងពូណុយ បន្ទាប់ពីថ្ងៃនេះពិធីរៀបចំអាពាហ៍ពិពាហ៍បានធ្វើឡើងយ៉ាងអធិកអធម្ម តាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរនៅស្ថានីយ៍ទូរទស្សន៍ pnn ។
កាលពីប៉ុន្មានថ្ងៃមុន កញ្ញា យ៉ែម ស្រីពេជ្រ និងតារាកំប្លែងពូណុយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ! បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញអំពីលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីមង្គលការរបស់ពួកគេ ដោយនៅក្នុងលិខិតនោះបានរៀបរាប់អំពី ថ្ងៃសិរីមង្គល អាពាហ៍ពិពាហ៍ វត្តមានឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន នៅថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥រសៀលនៅ ស្ថានីយ៍ទូរទស្សន៍ pnn ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ៖ តារាកំប្លែងពូណុយ មិនបាននិយាយអំពីអាពាហ៍ពិពាហ៍របស់ខ្លួន។ ប៉ុន្តែ យ៉ែម ស្រីពេជ្រ វិញបាននិយាយនៅលើ facebook ផ្ទាល់របស់ខ្លួនថា ៖ ជំរាបសួរបងប្អូនទាំងអស់គ្នា ដោយហេតុថាមានបងប្អូនឆាតផង ខលផង អធ្យាស្រ័យណាស់ដែលខ្ញុំឆ្លើយអត់អស់ ព្រោះច្រើនពេក ខ្ញុំនឹងព្យាយាម ឆ្លើយតាមឆាតចំពោះបងប្អូន ដោយក្តីអនុគ្រោះ។
គួររំលឹកថា , ពីដើមឡើយគ្មាននរណាចាប់អារម្មណ៍ថា កញ្ញា យ៉ែម ស្រីពេជ្រ និងពូណុយ ជាប់ចិត្តប្រតិព័ម៊ន្ធ ស្រឡាញ់គ្នានោះទេ។ ពីព្រោះអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង នៅក្នុងកម្មវិធី«អ្នកជិតខាង» របស់ស្ថានីយ៍ទូរទស្សន៍ pnn ដោយគិតត្រឹមថាជាអ្នករួមអាជីពតែប៉ុណ្ណោះ។ ប៉ុន្តែស្ងាត់ៗស្រាប់តែបែកធ្លាយ រឿងរៀបអាពាហ៍ពិពាហ៍នេះ ដែលធ្វើឲ្យមហាជនមានការងើយឆ្ងល់ នឹងរងចាំមើលថា តើកម្មវិធីអាពាហ៍ពិពាហ៍របស់តារាកំប្លែងពូណុយ និងកញ្ញា យ៉ែម ស្រីពេជ្រ ជាការពិតឬមួយយ៉ាងណា ? ឬមួយជាការលេងសើច ធ្វើឱ្យមហាជនចាប់អារម្មណ៍ ! ទោះជាយ៉ាងណាក៏ដោយ យ៉ែម ស្រីពេជ្រ បានបង្ហើបឲ្យដឹងថា ៖ ខ្លួនពិតជាបានរៀបចំថ្ងៃអាពាហ៍ពិពាហ៍ជាមួយនឹង ពូណុយ នៅស្ថានីយ៍ទូរទស្សន៍ pnn ដោយសារតែផ្ទះរបស់នាង និងផ្ទះពូណុយផ្លូវតូចចង្អៀត ម្យ៉ាងវិញទៀត នាងបានចាត់ទុកថាស្ថានីយ៍ទូរទស្សន៍ pnn ដូចជាផ្ទះទីពីររបស់ពួកគាត់ទៅហើយ ។ ទីបំផុតនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ តារាកំប្លែងពូណុយ និងយ៉ែម ស្រីពេជ្រ បានចូលរោងការពិតប្រាកដមែន ជាមួយនឹងភ្ញៀវកិត្តិយសជាសិល្បករ សិល្បការិនី ពិធីករ ពិធីការិនី យ៉ាងច្រើនកុះករនៅស្ថានីយ៍ទូរទស្សន៍ភីអិនៗ ដូច្នេះអ្វីៗត្រូវបានលាតត្រដាងយ៉ាងពិតប្រាកដ។ សូមអបអរសាទរ ដល់អ្នកទាំងពីរ សមប្រកបទៅដោយសុខភាពផ្លូវចិត្ត មានសុភមង្គលរុងរឿងពេញមួយជីវិត ជោគជ័យក្នុងការងាររបស់ពួកគេ ៕