ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ឈ្មោះ ប្រាស៊ូបឆូក ស្រាកែវ (PRASOBCHOK SRAKEEW) ហៅ ឌីវ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្នុងប្រតិបត្តិកានោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់ ១,៩៧ក្រាម, ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ) ,កាតការងារចំនួន០១សន្លឹក។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថា មុនឈានដល់ការបង្រា្កបករណីនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលពត៌មានពីសន្តិសុខថា មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្លឹបMEX CLUB ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងបានចុះទៅដល់ចំណុចកើតហេតុហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមករក្សាទុកពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា