ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Nolito បានបញ្ជាក់ថា រូបគេបានសម្រេចចិត្តជ្រើសរើសយកក្លិប Manchester City ដោយ មិនទៅកាន់ក្លិបចាស់ Barcelona ដោយ សារតែលោកគ្រូបង្វឹកPep Guardiola ។
កីឡាករវ័យ២៩ឆ្នាំនេះត្រូវបានលោក Pep Guardiola លក់ចេញកាលពីគាត់នៅ ដឹកនាំក្រុម Barcelona ប៉ុន្តែ Nolito នៅតែសម្រេចចិត្តទៅលេងឲ្យគ្រូបង្វឹកដដែលនេះនៅក្នុងប្រទេសអង់គ្លេសទៀតដោយចាកចេញពីក្រុម Celta Vigo ក្នុងតម្លៃខ្លួន ១៣,៨លានផោន ។
Nolitoបានថ្លែងថា “ខ្ញុំគិតថាវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំនិងអាជីពរបស់ខ្ញុំ។ ខ្ញុំមកកាន់ក្របខ័ណ្ឌអង់គ្លេស Premier League ដើម្បីលេងជាមួយនឹង លោកPep Guardiolaដែលគាត់នឹងអាចឲ្យខ្ញុំលេងជម្រើសដំបូងគេហើយខ្ញុំសប្បាយចិត្តណាស់ដែលបានសម្រេចចិត្តបែបនេះ”។
ខ្សែប្រយុទ្ធNolitoដែលនឹងឈានចូល វ័យ៣០ឆ្នាំនៅក្នុងខែតុលាខាងមុខបាន និយាយបន្តទៀតថា “ខ្ញុំជឿថាក្លិប Man Cityបានសាងក្រុមមួយដែលមានសមត្ថភាពក្នុងការដណ្តើមជើងឯកអង់គ្លេស Premier Leagueនៅរដូវកាលក្រោយ។ ពួកគេមានកីឡាករល្អៗចាប់តាំងពីអ្នកចាំទីរហូតដល់ខ្សែប្រយុទ្ធ ហើយពួកគេក៏ជាក្រុមល្អមូយ ក្នុងចំណោមក្រុមល្អៗក្នុងតំបន់អឺរ៉ុប ។ ខ្ញុំ ពិតជារីករាយពេលបានមកជួបគេនៅ ទីនេះ”៕
ដោយ៖ ដេវីត