ខេត្តក្រចេះ÷ ពេញមួយថ្ងៃទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤ចាប់ផ្ដើមពីម៉ោងវេលាម៉ោង៧ព្រឹកកម្លាំងចម្រុះរួមមានកម្លាំងខណ្ឌរដ្ឋបាលជលផលក្រចេះ, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ អ្នកចូលរួមចំនួន ៩នាក់ (កម្លាំងនគរបាល០៣នាក់,មន្ត្រីខណ្ឌរដ្ឋបាលជលផល ចំនួន០៣នាក់ និងសហគមន៍នេសាទចំនួន០៣នាក់ )ប្រើប្រាស់ទូកម៉ាសុីនចំនួន០២គ្រឿង ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី រដូវបិទនេសាទ ឆ្នាំ២០២៤ ( ពីថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ )។
ការផ្សព្វផ្សាយខ្លឹមសារខាងលើនេះគឺ ធ្វើឡើងតាមរយៈការចាក់មេក្រូ ដោយចាក់ផ្សាយសារសំឡេង (ខ្សែអាត់) នូវសេចក្តីជូនដំណឹងស្តីពីការបិទនេសាទ និងផ្សព្វ ផ្សាយអនុក្រឹត្យលេខ១២៣ស្តីពី ប្រភេទផលផលិតផលជលផលទឹកសាបចំនួន ២៩ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ ជិតផុតពូជ (កំពុងអភិរក្ស ) និងចាក់ផ្សាយសេចក្តីជូនដំណឹងរដ្ឋបាលសាលាខេត្ក្រចេះ( លេខ១១៧,២៤ ស.ជ.ណ )ស្តីពី ការទប់ស្កាត់ការឈូសឆាយ រុករាន ទន្ទ្រាព្រៃលិចយកដីធ្វើជាកម្មសិទ្ធនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយចាប់ផ្តើមពីចំណុចក្បាលកោះទ្រង់ ក្រុងក្រចេះ ចុះដល់ភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង។ បន្ទាប់ មកទើបក្រុមការងារវិលត្រឡប់មកខេត្តវិញ។
លោកម៉ុក ពន្លក បានមានប្រសាសន៍ថា ក្រុមការងារបានចាក់ឧបករណ៍បំពងសំឡេងភាសាណែនាំដល់ប្រជាពលរដ្ឋ,ក៏ដូចជាអ្នកនេសាទឲ្យបានយល់អំពីរដូវបិទនេសាទពោលគឺមិនត្រូវប្រើឧបករណ៍នេសាទល្មើស ច្បាប់នៅក្នុងរដូវបិទនេសាទនេះទេ។ លោកនាយខណ្ឌបានបន្ថែមថា ជានិច្ចកាលខណ្ឌរដ្ឋបាលជលផលក្រចេះបានតែងតែចុះអប់រំណែនាំ,ផ្សព្វផ្សាយអំពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងការបង្ក្រាបនិងទប់ស្កាត់ការនេសាទល្មើសច្បាប់។ ជាពិសេសគឺអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកនេសាទចូលរួមការពារធនធានធម្មជាតិនិយាយឲ្យចំគឺមច្ឆជាតិ៕