ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ប្រតិភូសមាជិកក្រុមប្រឹក្សាភិបាលសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC ) យកលិខិតដាក់ជូនលោកGeorge EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំពិចារណាទៅលើសំណើរបស់លោក សម រង្សុីដែល បានសុំឲ្យសហភាពអឺរ៉ុបបញ្ឈប់នាំផលិតផលពីប្រទេសកម្ពុជា ។
ក្នុងលិខិតសភាសម្ព័ន្ធសហជីពជាតិ កម្ពុជាបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថាក្នុងនាមតំណាងឲ្យកម្មករគឺមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោក សម រង្សុី ដែលបានស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ឈប់នាំផលិតផលពីកម្ពុជា ដែលសំណើនេះវាជាសញ្ញាអវិជ្ជមានមួយធ្វើឲ្យកម្មករមានកង្វល់និងមិនសប្បាយ ចិត្តចំពោះលោក សម រង្សុី ដែលមានបំណងធ្វើឲ្យពួកគាត់ជួបនូវវិបត្តិអត់ការងារធ្វើ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាព គ្រួសាររបស់ពួកគេរាប់លាននាក់ ។
ក្នុងលិខិតសភាសម្ព័ន្ធសហជីពជាតិ កម្ពុជាក៏បានស្នើយ៉ាងទទូចដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាមេត្តា ពិចារណាឲ្យបានហ្មត់ចត់និងកុំធ្វើតាម សំណើរបស់លោក សម រង្សុី ពីព្រោះការបើកទីផ្សាររបស់សហភាពអឺរ៉ុបនាំចូលផលិតផលពីកម្ពុជាគឺវាបានផ្តល់ការងារនិងមុខរបរយ៉ាងធំធេង សម្រាប់ប្រជាពលរដ្ឋ កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដែលបច្ចុប្បន្ននេះកំពុងតែពឹងផ្អែក យ៉ាងចាំបាច់លើវិស័យឧស្សាហកម្មកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង ។
លោក George EDGAR ឯកអគ្គរដ្ឋ ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាក៏បាន ស្វាគមន៍ចំពោះប្រតិភូរបស់សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា-NACC ។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថាមកដល់ពេលនេះលោកមិនទាន់បានឃើញលិខិតផ្លូវការនៃសំណើរបស់លោក សម រង្សុី ក្នុងការ ស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ឈប់ការនាំចូលផលិតផលពីកម្ពុជានោះទេគឺលោកឮតែតាមព័ត៌មានប៉ុណ្ណោះ ហើយលោកនឹងពិនិត្យសិក្សាទៅលើលិខិតសំណើរបស់សភាសម្ព័ន្ធ សហជីពជាតិកម្ពុជាដែលស្នើឲ្យ សហភាពអឺរ៉ុបដើម្បីពិនិត្យពិចារណាលើរឿងនេះ ៕
ដោយ៖ សហការី