ក្រោយការព្រមានពីលោកស្រីគីម យ៉ូជុង បាល់ឡុងសំរាមជាង៣៣០បន្ថែមទៀតបានបង្ហោះចូលដីកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថា កូរ៉េខាងជើងបានបង្ហោះបាល់ឡុងសណ្តោងសំរាមរាប់រយបន្ថែមទៀតចូលក្នុងដីកូរ៉េខាងត្បូង បន្ទាប់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានព្រមានចាត់វិធានការឆ្លើយតបប្រឆាំងទីក្រុងសេអ៊ូល ជុំវិញការដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង នៅតាមតំបន់ព្រំដែន និងការបង្ហោះខិត្តប័ណ្ណរិះគន់ចូលដីកូរ៉េខាងជើង។

តាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបង្ហោះបាល់ឡុងសំរាមប្រហែលជា ៣១០បាល់ឡុងបន្ថែមឆ្លងព្រំដែនកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ។ បាល់ឡុងរបស់ កូរ៉េខាងជើងទាំងនេះមានសណ្ដោងសំរាមដូចជាកម្ចេចក្រដាសនិងប្លាស្ទិក តែមិនទាន់មានសេចក្ដីរាយការណ៍ពីសារធាតុគ្រោះថ្នាក់ណាមួយនៅឡើយទេ មកទល់នឹងពេលនេះ។
ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានបង្ហោះបាល់ឡុងសណ្ដោងសំរាមប្រហែលជា៣៣០បាល់ឡុង ចូលដីកូរ៉េខាងត្បូងផងដែរដោយអះអាងថា ជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ពីសំណាក់សកម្មជនមួយក្រុមក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រមពេលជាមួយគ្នា កូរ៉េខាងត្បូងបានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងឃោសនារិះគន់កូរ៉េខាងជើងនៅតាមតំបន់ព្រំដែន ក្រោយព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងកាលពីឆ្នាំ២០១៨។
ការបង្ហោះបាល់ឡុងសំរាមចូលដីកូរ៉េខាងត្បូងជាថ្មីនេះដែរ កើតមានឡើងបន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានព្រមានចាត់វិធានការឆ្លើយវាយបក ប្រសិនបើទីក្រុងសេអ៊ូលបន្តប្រើឧបករណ៍បំពងសំឡេងឃោសនានៅតាមតំបន់ព្រំដែន និងបង្ហោះខិត្តប័ណ្ណរិះគន់ប្រឆាំង ទីក្រុងព្យុងយ៉ាង ចូលដីកូរ៉េខាងជើង។
អ្នកនាង គីម បានកត់សម្គាល់ដូច្នេះថា «ប្រសិនបើសាធារណរដ្ឋកូរ៉េខាងត្បូង (ROK) ប្រើប្រាស់ឧបករណ៍បំពងសំឡេង និងបង្ហោះបាល់ឡុងសណ្ដោងខិត្តប័ណ្ណបង្ករឿងឆ្លងព្រំដែន នោះវានឹងជំរុញឱ្យមានការចាត់វិធានការតបតវិញថ្មីៗពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK, កូរ៉េខាងជើង)»៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print