ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ការបម្រើប្រជារាស្រ្តគឺជាការបម្រើខ្លួនយើង ព្រោះយើងក៏ជាប្រជារាស្រ្តមួយរូបដែរ។ នេះគឺជាអភិក្រមពិតប្រាកដ ហើយយើងរួមគ្នាដើម្បីកសាងបរិស្ថានមួយដែលកាន់តែមានប្រសិទ្ធភាព ជាបរិស្ថានមួយដែលមានភាពច្បាស់លាស់ក្នុងការទទួលសេវាសាធារណៈពីរដ្ឋបាលបច្ចុប្បន្ននិងទៅអនាគត ដើម្បីឱ្យងាយស្រួលនោះគឺជាកាតព្វកិច្ចរបស់មន្រ្តីគ្រប់ៗរូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ យើងត្រូវដាក់ចិត្តរួមគ្នាដើម្បីកែសម្រួលបរិស្ថានយើងឱ្យក្លាយជាបរិស្ថានល្អឥតខ្ចោះជាប់ជាប្រចាំ និងរួមគ្នាទទួលស្គាល់ការ៖
១-បង្កើតនូវអំពើវិជ្ជមាន សមិទ្ធផលវិជ្ជមានបន្ថែមជូនសង្គមរបស់យើង
២-រួមគ្នាកាត់បន្ថយរាល់ភាពអវិជ្ជមាន
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ តួនាទី និងកៅអីរបស់មន្ត្រី ដែលបានមកគឺដោយសារប្រជាពលរដ្ឋ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រម នៃការទទួលខុសត្រូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កៅអីយើងអង្គុយ ឱកាសយើងធ្វើ ស្ថាប័នយើងមានលទ្ធភាព បម្រើប្រជាពលរដ្ឋ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ យើងធ្វើដើម្បីកសាងបរិស្ថានមួយ សម្រាប់យើងពសម្រាប់គ្រួសារយើងទៅអនាគត»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វាអត់ល្អឥតខ្ចោះទេ ប៉ុន្តែត្រូវដាក់ចិត្តរួមគ្នា ដើម្បីកែសម្រួលបរិស្ថានយើង ឲ្យក្លាយទៅជាបរិស្ថានល្អឥតខ្ចោះ ជាប់ជាប្រចាំ។ រួមគ្នាទទួលស្គាល់ ទី១៖ បង្កើតនូវអំពើវិជ្ជមាន, សមទ្ធិផលវិជ្ជមាន បន្ថែមជូនសង្គមរបស់យើង, និងទី២៖ រួមគ្នាកាត់បន្ថយនូវរាល់ភាពអវិជ្ជមាន។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ ចំណុចទាំងពីរនេះ ផ្គុំគ្នាទើបយើងអាចសម្រេចបាន នូវក្រុមគោលដៅនៃប្រទេសមួយដែលអភិវឌ្ឍ ហើយជាពិសេសបរិស្ថានមួយដែលនឹងនរ ដែលយើងរួមគ្នាអាចទទួលបាន ដោយភាពកក់ក្ដៅ ជាពិសេសពីការទទួលសេវាសាធារណៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់មន្ត្រី បម្រើសេវាសធារណៈ ជូនប្រជាពលរដ្ឋថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ» ហើយការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាបម្រើខ្លួនឯងផងដែរ ៕