ពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ«ព្រែកជីកហ្វូណន-តេជោ»

ចែករំលែក៖

ខេត្តកណ្តាល ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះអំពីរូបភាព នៃពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ«ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។  ពិធីនេះបានធ្វើឡើងនៅចំណុចព្រែកតាកែវស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ នៅទីបំផុតទៅគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញពេលវេលាជាក់លាក់ក្នុងការបើកការដ្ឋានជីកព្រែកហើយជាផ្លូវការ ពោលគឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលនឹងចំថ្ងៃខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

យើងដឹងហើយថាគម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារអាមេរិក ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ដូច្នេះថាតើ ព្រែកជីកហ្វូណនតេជោ ផ្ដល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងនយោបាយកម្ពុជា។ 

លោកស៊ុន ចាន់ថុល ចាត់ទុកថា ព្រែកជីកហ្វូណនតេជោគឺជាគម្រោងប្រវត្តិសាស្ត្រ ដែលយើងជាកូនខ្មែរត្រូវមានមោទនភាព ដែលយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យយើងបានរៀបចំ គម្រោងជាប្រវត្តិសាស្ត្រនេះឡើង ដើម្បីអនាគតនៃប្រទេសកម្ពុជា”។ លោកបន្តទៀតថា ៖ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់ដល់សមុទ្រ ត្រូវបានសិក្សាយ៉ាងលំអិតអស់រយៈពេល២៦ខែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ដ្រូន ផ្កាយរណប និងម៉ូដែល ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដែលផ្លូវនាវាថ្មីនេះមានចំងាយ១៨០គីឡូម៉ែត្រ ហើយព្រែកជីកនេះ មានប្រវត្តិសាស្ត្រតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ដោយប្រសិទ្ធិនាមថ្មីថា ជាព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញពីទន្លេរហូតដល់សមុទ្រតែម្តង។

លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកថា “កាលនោះ អាណាចក្រហ្វូណនមានការរីកចម្រើនណាស់ ក្នុងការដឹកជញ្ជូនទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌា ប៉ុន្តែព្រែកជីកនេះ ត្រូវបានបោះបង់ចោលក្នុងសតវត្សរ៍ទី៥ ឬទី៦”។

លោកបន្ថែមថា យើងបាននិងកំពុងត្រៀម ជីកព្រែកយើងនេះឱ្យបានជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យកប៉ាល់ចំនួន២ អាចជៀសគ្នាបាន ហើយព្រែកជីកនេះអាចជួយរំដោះទឹកជំនន់បានផងដែរ ដោយយើងធ្វើទ្វារទឹកចំនួន១៥បន្ថែមទៀត ដើម្បីអូសទាញទឹកចូលមកក្នុងព្រែកជីកនេះ”។

លោកបន្តឱ្យដឹងទៀតថា ផ្ទុយទៅវិញនៅរដូវប្រាំង យើងអាចមានទឹករហូតដើម្បីធ្វើកសិកម្ម ហើយប្រជាពលរដ្ឋកម្ពុជាចំនួន១,៦លាននាក់ ដែលរស់នៅតាមដងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូមែត្រនេះ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងអាចដាក់ចិញ្ចឹមត្រីបាន ហើយភ្ញៀវទេសចរអាចធ្វើដំណើរ តាមផ្លូវទឹកទៅលេងនៅកែប កំពត ឬខេត្តព្រះសីហនុ។

លោកបញ្ជាក់ទៀតថា “នៅតាមផ្លូវព្រែកជីកនេះ នឹងអាចមានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះយើងឃើញថា ការជីកព្រែកមានផលចំណេញច្រើន ដោយបច្ចេកទេសមិនមានបញ្ហាទេ ព្រោះយើងខ្លាចទឹកប្រៃហូរចូលទឹកសាប ប៉ុន្តែយើងមានទ្វារទឹកសម្រាប់ដោះស្រាយ”។

ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ!

ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។

ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)

ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print