ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូហុងដាវ៉េវខ្វះប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកាមរីហាយប៊្រីដនៅផ្លូវបំបែកជាបួន បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅផ្លូវលេខ៣២៨កែងផ្លូវលេខ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេឃើញបុរសម្នាក់បានបេីករថយន្តម៉ាកកាមរីហាយប៊្រីដ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0045 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0595 បោះពួយតាមបណ្ដោយផ្លូវលេខ៣២៨ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តចំថ្ពាល់មុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូរងការខូចខាតផ្នែកខាងមុខព្រមទាំងធ្វើឱ្យបុរសជាអ្នកជិះ រងរបួសបែកមុខបែកមាត់ហូរឈាមសន្លប់ស្តូកត្រូវបានបញ្ជូនតាមរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តវិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង និងក្រពឹតទ្វារមុខចំហៀងខាងឆ្វេង តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ហើយអ្នកបេីកបរក៏មិនបានរត់គេចទៅណាដែរ ។
ក្រោយពេលកេីតហេតុ ដោយសារតែមិនមានដំណោះស្រាយ ទើបរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ