ខេត្តសៀមរាប ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីអង្គរ ខេត្តសៀមរាប មានភ្លៀងធ្លាក់ត្រជាក់ត្រជុំ ដែលធ្វើឱ្យប្រាង្គប្រាសាទ រំលេចពណ៍ ដែលយើងគិតថា ៖ អង្គរក្រោមភ្លៀង ដូចអោយពរជ័យ សម្អាតស្នាមដី ដាមដិតជាប់ថ្មប្រោះព្រំបារមី ឈរច្រើនតំណ នេះហើយអង្គរ ព្រលឹងជាតិយើង! ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
ទើបថ្ងៃនេះនៅទឹកដីអង្គរភ្លៀងធ្លាក់ នាំមក នូវភាពត្រជាក់ ដល់ភ្ញៀវជាតិ អន្តរជាតិ ។
សូមបញ្ជាក់ថា ៖ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតលេខ១លើពិភពលោក សម្រាប់ទស្សនាព្រះអាទិត្យរះ។ នេះបើយោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ ៧២ប្រទេស នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»៕