សារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong នឹងទៅដល់ប្រទេសប្រ៊ុយណេនាថ្ងៃអង្គារនេះ ហើយបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៉ីថែមទៀត ក្នុងការបំពេញទស្សនកិច្ចលើកដំបូងចេញក្រៅប្រទេស ក្រោយលោកបានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មីរបស់បុរីរដ្ឋមួយនេះ។
ការបំពេញទស្សនកិច្ចរបស់លោក Wong ទៅកាន់ទីក្រុង បានដាស៊េរីបេហ្កាវ៉ាន់ ធ្វើឡើងតបតាមការអញ្ជើញផ្ទាល់ពីសំណាក់ព្រះចៅស៊ូលតង់ ហាសិនណល់ ប៊ូលហ្កះ (Hassanal Bolkai) ខណៈទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគូឡាឡាំពួរ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី លោក អានវ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim)។ ក្រោយទៅដល់ប្រ៊ុយណេនារសៀលថ្ងៃអង្គារនេះ លោក Wong នឹងបន្តដំណើរទៅម៉ាឡេស៉ី នាល្ងាចថ្ងៃដដែល ហើយនឹងបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៉ី នាថ្ងៃពុធសប្តាហ៍នេះ។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Lawrence Wong គិតចាប់តាំងពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសសិង្ហបុរី កាលពីខែឧសភា បន្តពីលោក Lee Hsien Loong ហើយវាជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចណែនាំខ្លួនរបស់លោកទៅកាន់រដ្ឋធានី-រាជធានី នៃបណ្តាប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍។ប្រ៊ុយណេនិងម៉ាឡេស៉ី គឺជាប្រទេសពីរដំបូងគេ ដែលលោក Lee Hsien Loong បានទៅបំពេញទស្សនកិច្ច នៅពេលលោកឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីសិង្ហបុរី កាលពីឆ្នាំ២០០៤៕ ដោយធីរីណា
រូបថត: AFP