ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងថាមានបញ្ហា វិប្បត្តិអ្វី ខណៈដែលប្តីជាជាងជួសជុលម៉ូតូ កំពុងតែធ្វើការជួសជុលម៉ូតូឱ្យភ្ញៀវនៅខាងក្រៅ លុះងើបចូលក្នុងផ្ទះស្រាប់តែប្រទះឃើញ ប្រពន្ធចងកសម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើលប្រញាប់ប្រញាល់កាត់ខ្សែយកទៅពេទ្យ តែហួសពេលទៅហើយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ ស៉ីម សៀកមួយ អាយុ២៧ ឆ្នាំ មុខរបរមេផ្ទះ មានប្តីជាជាងជួសជុលម៉ូតូ មានកូនប្រុសចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកើតហេតុ ។
តាមការរៀបរាប់ពីបុរសជាប្តី បានឱ្យដឹងថា គាត់ក៏មិនដឹងអំពីមូលហេតុដែរ ហើយការរស់នៅក្នុងសង្គមគ្រួសារ គ្មានអ្វីល្អក់កកររវាងប្តីនិងប្រពន្ធដែរ មិនដែលឈ្លោះប្រកែកគ្នាឡើយ តែមួយរយ:ប៉ុន្មានថ្ងៃមកនេះប្រពន្ធចេះតែរអូឈឺក្បាល ស្រាប់តែនៅរសៀលថ្ងៃនេះ ខណៈដែលគាត់កំពុងជួសជុលឱ្យភ្ញៀវនៅផ្នែកខាងមុខផ្ទះ លុះងើបចូលទៅក្នុង ស្រាប់តែប្រទះឃើញប្រពន្ធចងកជាមួយក្រម៉ាភ្ជាប់និងធ្នឹមស្លាប់បាត់ ទើបឆោឡោ កាត់ខ្សែទម្លាក់ យកទៅមន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ មានតែដឹកសពប្រពន្ធវិលមកផ្ទះវិញ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សុខាសែនជ័យ