ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើអ្នកបើកបរថយន្តឈ្មោះ កើត សុជាតា ភេទស្រី អាយុ២២ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៤ វេលាម៉ោងសូន្យនិង៣៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចលើមហាវិថីព្រះនរោត្តម ប្រសព្វផ្លូវលេខ ១៧៨ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក COROLLA CROSS ពណ៌ស ផ្លាកលេខ កណ្តាល 2D-7008 បើកបរដោយឈ្មោះ កើត សុជាតាភេទស្រី អាយុ២២ឆ្នាំ និងម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KT-6787 បើកបរដោយឈ្មោះ ឆោម សុផានិត ភេទប្រុស អាយុ២០ឆ្នាំ។
ករណីនេះ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឆោម សុផានិត និងអ្នករួមដំណើរម្នាក់ឈ្មោះ រឺ ចន្នី ភេទស្រី អាយុ២២ឆ្នាំ ត្រូវរងរបួសធ្ងន់ ចំណែកឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ប៉ិច ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកបរថយន្ត បើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិ យានផ្លូវត្រង់ និងអ្នកបើកបរម៉ូតូបើកបរលឿន និងមានផ្ទុកមនុស្សលើសចំណុះផងដែរ។
បច្ចុប្បន្នជនត្រូវចោទជាអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕ ដោយ រ៉ារ៉ា