ខេត្តកែប ៖ អង្គការ MCC បានបង្ហាញរូបភាពនៃសត្វផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាលកំពុងបណ្ដើរកូនចំនួន៥ក្បាល នៅមុខកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកមានដងខ្លួនទើបនឹងកើតប្រវែងប្រមាណ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។ វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយខ្នងមានទម្រង់ ផ្សេងៗគ្នា។ ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវ៉ាទូក។
អង្គការ MCCដែលបានបង្ហាញរូបភាពនៅរសៀលថ្ងៃទី ១១ ខែ មិថុនានេះបានលើកឡើងថា៖”វាតែងតែផ្ដល់នូវកំលាំងចិត្ដនៅពេលដែលបានប្រទះឃើញវត្តមានរបស់កូនផ្សោត។យ៉ាងណាក្តី ការសិក្សាស្រាវជ្រាវ និងការការពារពួកគេមានផលពិបាក ព្រោះវាមិនងាយស្រួលក្នុងការយល់ដឹងពីនិន្នាការចំនួននៅលើមាត្រដ្ឋានត្រឹមតែប៉ុន្មានឆ្នាំនោះឡើយ។
ពិតហើយមេផ្សោតគឺមានការលះបង់យ៉ាងខ្លាំងតាំងពីពេលចាប់កំណើតកូនរបស់វារហូតដល់បង្កើតកូន, ការទទួលយកសារធាតុចិញ្ចឹមដើម្បីផ្ដល់ដល់រាងកាយរបស់វាឱ្យបានត្រឹមត្រូវនៅពេលពពោះ, បន្ទាប់មកថែរក្សារកូនចាប់តាំងពីពេលកើតដោយបំបៅដោះ ការការពារកូន និងបង្រៀនកូនរហូតកូនរបស់វាក្លាយជាឯករាជ្យ។
សត្វផ្សោតនឹងមិនចង់បន្ថែមនូវបន្ទុកបន្ថែមដើម្បីរកចំណីចិញ្ចឹមនោះទេ ប្រសិនបើពួកវាមានការលំបាកក្នុងការរកចំណីដើម្បីរស់ទៅហើយ។ ដូច្នេះហើយវត្តមាន និងអវត្តមានរបស់កូនផ្សោត គឺជាការបង្ហាញដំបូងទៅលើសុខភាពនៃចំនួនរបស់វា ហើយតាមរយៈការពង្រីកសុខភាពប្រព័ន្ធអេកូឡូស៊ី, គឺវាអាចជួយដល់ការកើនឡើងនូវចំនួននៃមំសាសីដូចជាផ្សោតជាដើម។ដូចនេះវាគឺជាមូលហេតុដែលពួកយើងសប្បាយចិត្ដយ៉ាងខ្លាំងដែលបានឃើញវត្ដមានផ្សោតក្បាលត្រឡោក។
សូមបញ្ជាក់ថា ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ បានសង្កេតឃើញវត្តមានកូនផ្សោតទើបកើតមានចំនួនច្រើន ហើយតាមរយៈការចុះពិនិត្យ និងធ្វើការប៉ាន់ស្មានបានបង្ហាញថា សត្វផ្សោតដែលជាប្រភេទថនិកសត្វសមុទ្រដ៏កម្រនេះ មានចំនួនប្រមាណ ២០០ក្បាល នៅក្នុងដែនសមុទ្រខេត្តកំពត និងខេត្តកែប។ តាមការសន្និដ្ឋាន សត្វផ្សោតនឹងបន្តកើនឡើងប្រសិនបើមានការចូលរួមអភិរក្សបានល្អ។
អ្នកសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងថា គម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា បានធ្វើការសិក្សាទៅលើសត្វផ្សោតយ៉ាងដិតដល់ តាមរយៈការចុះពិនិត្យដោយជិះទូក និងដើរពិនិត្យផ្ទាល់ដីនៅតាមតំបន់កោះ។ ចំពោះសកម្មភាពចុះពិនិត្យតាមទូក ក្នុងមួយសប្តាហ៍ធ្វើឡើង៣ដង នៅតាមតំបន់ប្រជុំកោះ និងតាមតំបន់សហគមន៍ព្រែកត្នោត។ សម្រាប់ខេត្តកំពតមានផ្សោត២ប្រភេទ គឺផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច ឬ ផ្សោតពណ៌ផ្កាឈូក។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា សត្វផ្សោតដែលជាប្រភេទថនិកសត្វសមុទ្រដ៏កម្រនេះ អាចបង្កកំណើតបានចាប់ពីអាយុ៤ទៅ៦ឆ្នាំ រយៈពេលពពោះកូនចំនួន ១៤ខែ និងអាចរស់នៅបានរហូតអាយុជាង ៣០ឆ្នាំ។ បន្ទាប់ពីមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតសមុទ្រនេះ គេសង្កេតឃើញថានៅឆ្នាំ២០២៣ ចំនួនផ្សោតមានការកើនឡើង។
តាមរយៈការពិនិត្យ និងសិក្សាទៅលើសកម្មភាពសត្វផ្សោតដែលបានបង្ហាញខ្លួននៅសហគមន៍ព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត អាចធ្វើឱ្យក្រុមអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានបានថា សត្វផ្សោតទាំងនោះ កំពុងតែបង្អួតខ្លួន ចែចង់គ្នា មុនពេលឈានទៅរកការបង្កកំណើត(ស្វែងរកដៃគូបង្កកំណើត)។ អ្នកជំនាញរំពឹងថាសត្វផ្សោតនឹងបន្តកើនឡើងនៅឆ្នាំក្រោយ ប្រសិនការងារអភិរក្សមានការចូលរួមបានល្អពីគ្រប់ភាគីពាក់ព័ន្ធ។
ទន្ទឹមនឹងការកើនឡើងនៃចំនួនសត្វផ្សោត ក៏មានចំនួនសត្វផ្សោតបន្តងាប់ជាហូរហែ ដោយក្នុងឆ្នាំ២០២៣ សត្វផ្សោតចំនួន៦ក្បាលបានងាប់ ក្នុងនោះផ្សោតមួយក្បាលងាប់ជាប់មងរបស់ប្រជានេសាទ អាចក្នុងឆ្នាំ២០២៤នេះ នឹងមានចំនួនកើន ៕
ដោយ ៖ សិលា