រដ្ឋបាលខេត្តព្រៃវែង បង្ការ និងទប់ស្កាត់សកម្មភាពរបស់យុវជន សិស្សានុសិស្សដែលទៅប្រមូលផ្ដុំគ្នានៅតាមទីតាំងអាជីវកម្មនានា ដើម្បីប្រព្រឹត្តអំពើអសកម្ម ការបង្កបទល្មើស និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង ចេញសេក្តីណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់សកម្មភាពរបស់យុវជន សិស្សានុសិស្សដែលទៅប្រមូលផ្ដុំគ្នានៅតាមទីតាំងអាជីវកម្មនានា ដើម្បីប្រព្រឹត្តអំពើអសកម្ម ការបង្កបទល្មើស និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ដោយសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលា ទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ ភេសជ្ជៈ កន្លែងហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់ អាហារដ្ឋាន និង កន្លែងកំសាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណេត ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។ ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសកម្មទាំងនេះ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តវិធានការចំពោះក្រុមក្មេងទំនើងក្នុងគោលបំណងឈរលើគោលដៅសំខាន់ ៤ចំណុច គឺជួយតម្រង់ទិស, ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ, ការពារឪពុកម្តាយ និងក្រុមគ្រួសារកុំឲ្យខ្លោចចិត្ត និងជួយសង្គម និងប្រជាជនឲ្យរស់នៅកុំឲ្យមាន ភាពភ័យខ្លាច គណៈញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ-សង្កាត់ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដូចខាងក្រោម៖

១. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម ម៉ាត កន្លែង លក់កាហ្វេ-ភេសជ្ជៈ ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បី ទប់ស្កាត់ និងមិនអនុញ្ញាតឲ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណេត ជក់បារី បារីអេឡិចត្រូនិចជាដើម នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន និងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ ចំពោះម្ចាស់អាជីវកម្មណា ដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឲ្យបន្តការប្រព្រឹត្ត សកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

២. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន ម្ចាស់អាជីវកម្ម និងកន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

៣. ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ចំពោះមុខនេះ ត្រូវ រៀបចំបញ្ជីមុខសញ្ញាក្មេងទំនើងនៅតាមមូលដ្ឋាននីមួយៗ ដើម្បីមានវិធានការអប់រំ និងគ្រប់គ្រងឲ្យបានច្បាស់លាស់។
៤. គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និង សហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស ក្នុងការប្រមូលផ្តុំលេងទូរស័ព្ទ លេងហ្គេមតាម អ៊ុនធឺណេត ជក់បារី បារីអេឡិចត្រូនិច និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

៥. ទន្ទឹមនឹងការអនុវត្តវិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និង ចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ចំពោះក្រុម ក្មេងទំនើង។

ទទួលបានសេចក្តីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និង រដ្ឋបាលឃុំ-សង្កាត់ ប្រសិទ្ធភាពខ្ពស់។ ត្រូវចាត់តាំងអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពង់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print