សំណុំរឿងស្នើដកតំណែងនាយករដ្ឋមន្រ្តី សេដ្ឋា និងសំណុំរឿងស្នើរំលាយបក្ស Move Forward និងសម្រេចនៅថ្ងៃទី១៨ ខែមិថុនា

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃ បាននិយាយថា ខ្លួននឹងបើកសវនាការជំនុំជម្រះនាថ្ងៃទី១៨ ខែមិថុនា សម្រាប់សំណុំរឿងមួយ ដែលអាចនឹងឈានដល់ការដកតំណែងនាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន។

សំណុំរឿងប្រឆាំងលោក សេដ្ឋា ត្រូវបានផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាថៃចំនួនប្រមាណ៤០នាក់ កាលពីខែឧសភាកន្លងទៅ ហើយតុលាការធម្មនុញ្ញថៃ បានសម្រេចទទួលយកសំណុំរឿងនោះមកពិចារណា។ វាពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់លោក សេដ្ឋា ក្នុងការតែងតាំងមេធាវីម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី នៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោក។ រដ្ឋមន្រ្តីរូបនោះ បានលាលែងពីតំណែងវិញហើយ ក្រោយភាពចម្រូងចម្រាសបានផ្ទុះឡើង។
តុលាការធម្មនុញ្ញថៃក៏បានកំណត់យកថ្ងៃទី១៨ ខែមិថុនា ដែលត្រូវនឹងថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបើកសវនាការជំនុំជម្រះ សម្រាប់សំណុំរឿង ដែលមានចេតនាចង់ឱ្យរំលាយគណបក្សប្រឆាំង Move Forward ផងដែរ។ Move Forward ជាបក្សដែលឈ្នះអាសនៈបានច្រើនជាងគេ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែក្រុមសមាជិករដ្ឋសភានិងព្រឹទ្ធសភាអភិរក្សនិយមបានរារាំងមិនឱ្យបក្សនេះអាចបង្កើតរដ្ឋាភិបាលបាន ដែលមួយផ្នែកគឺដោយសារតែគោលនយោបាយរបស់ Move Forward ដែលមានគោលដៅចង់ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ដែលជាខែលការពារព្រះមហាក្សត្រ Maha Vajiralongkorn ពីការរិះគន់ទាំងឡាយ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កាលពីខែមីនា ឆ្នាំនេះ បានស្នើសុំឱ្យតុលាការធម្មនុញ្ញរំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការបានចេញសេចក្ដីសម្រេចមួយថា គោលនយោបាយធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាការប៉ុនប៉ងផ្ដួលរំលំ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ យ៉ាងណាមិញ សេចក្ដីសម្រេចនោះ មិនបានដាក់ទោស ឬពិន័យអ្វីលើគណបក្ស Move Forward ឡើយ៕ ដោយធីរីណា

...

រូប​ថត​: Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print