ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ រៀបចំឡើង នៅ សាល សន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត។
សូមបញ្ជាក់ថា ៖ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ នារី ៣៣នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ នារី ២៣៥នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ នារី ៥នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២១-២០២២ និងឆ្នាំសិក្សា២០២២-២០២៣។
ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យលីមកុកវីង មានចំនួនសរុប ១,៦២៨នាក់ នារី ៧៨៦នាក់។
សាកលវិទ្យាល័យលីមកុកវីង គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីល្បាញមួយនៅកម្ពុជា បណ្តុះបណ្តាលលើជំនាញស្ថាបត្យកម្ម និងរចនាផ្ទៃក្នុង ជំនាញច្នៃម៉ូដសម្លៀកបំពាក់ និងរចនា ក្រា ហ្វិក ជំនាញវិស្វកម្មសូហ្វវែរ និងជំនាញគ្រប់គ្រងពាណិជ្ជកម្មជាដើម។ ចាប់ពី ឆ្នាំ សិក្សា ២០០៧-២០០៨ ដល់ឆ្នាំសិក្សា២០២២-២០២៣ និស្សិត បញ្ចប់ការសិក្សាពីសាកល វិទ្យាល័យលីមកុកវីងនៅកម្ពុជា មានចំនួនសរុបចំនួន ១,៥២៥នាក់ នារី ៧១១នាក់។
សូមជម្រាបថា ៖ សាកលវិទ្យាល័យលីមកុកវីង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងមានសាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។
សាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់មកពីប្រទេសផ្សេងៗគ្នាជាង១៥០ជាតិសាសន៍។
សាកលវិទ្យាល័យ លីមកុកវីង មានមហាវិទ្យាល័យចំនួន៥ រួមមាន៖
១) មហាវិទ្យាល័យ ស្ថា បត្យ កម្ម និងការរចនា។
២) មហាវិទ្យាល័យសិល្បៈ អក្សរសាស្រ្ត និងមនុស្សសាស្រ្ត។
៣) មហាវិទ្យាល័យគនិតសាស្រ្ត និងមនុស្សសាស្រ្ត។
៤) មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងទំនាក់ទំនងអន្តរជាតិ និង៥) មហាវិទ្យល័យគ្រប់គ្រងពាណិជ្ជកម្ម។
ក៏មានការផ្សាយផ្ទាល់ លើផេក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីង ប្រមាណ ៥៤០នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នៅ សាល សន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៕