ភ្លើងឆេះអគារលំនៅឋានកម្មករបរទេសនៅគុយវ៉ែត ស្លាប់៤៩ នាក់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ភ្លើងដ៏សន្ធោសន្ធៅបានឆេះអគារមួយដែលជាលំនៅឋានរបស់កម្មករបរទេសក្នុងប្រទេសគុយវ៉ែ៉ត កាលពីថ្ងៃពុធ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤៩នាក់។ អគ្គិភ័យនេះត្រូវបានសង្ស័យថា បណ្តាលមកពីការមិនគោរពតាមបទបញ្ញត្តិសំណង់។
ក្រោយពីបានទៅពិនិត្យមើលកន្លែងកើតហេតុ ឧបនាយករដ្ឋមន្រ្តីគុយវ៉ែត លោក Sheikh Fahad Yusuf បានលើកឡើងថា ភាពលោភលន់របស់ម្ចាស់អចលនទ្រព្យ គឺជាមូលហេតុនាំទៅរកគ្រោះមហន្តរាយបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់អំពីបទល្មើសជាក់លាក់ឬព័ត៌មានលម្អិតណាមួយទាក់ទងនឹងអគារនោះនៅឡើយទេ។
ពលករដែលមានប្រាក់ឈ្នួលទាប ជាពិសេសកម្មករសំណង់នៅតំបន់ឈូងសមុទ្រ ជារឿយៗរស់នៅក្នុងលំនៅឋានដែលមានមនុស្សច្រើនកុះករ។ អាជ្ញាធរក្នុងស្រុកមិនបានបង្ហាញថា ពលករទាំងនោះធ្វើការក្នុងវិស័យអ្វីនោះទេ ប៉ុន្តែដូចបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដទៃទៀតដែរ គុយវ៉ែតពឹងផ្អែកយ៉ាងខ្លាំងទៅលើកម្លាំងពលកម្មបរទេស ក្នុងឧស្សាហកម្មសំខាន់ៗដូចជាសំណង់ជាដើម។
ពលករសញ្ជាតិអេហ្ស៊ីបម្នាក់ដែលបានរួចជីវិត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ភ្លើងបានឆាបឆេះចេញពីជាន់ខាងក្រោម ហើយអ្នកដែលនៅជាន់ខាងលើមិនអាចរត់គេចខ្លួនបាន។ គាត់បានបន្ថែមថា អគារទាំងមូលពោរពេញទៅដោយផ្សែងខ្មៅក្រាស់។
អាជ្ញាធរបានបញ្ជាឱ្យមានការស៊ើបអង្កេតភ្លាមៗអំពីមូលហេតុនៃអគ្គិភ័យ និងបាននិយាយថា មន្ត្រីណាដែលត្រូវបានរកឃើញថាមានកំហុសនឹងត្រូវទទួលខុសត្រូវ។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៩នាក់ ហើយកំពុងស៊ើបអង្កេត និងស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុ ព្រមទាំងព្យាយាមកំណត់អត្តសញ្ញាណអ្នកស្លាប់ផងដែរ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print