សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សិស្សរបស់យើងមិនមែនរៀនដើម្បីតែអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយពិភពលោកទៀតផង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានដាក់អាទិភាពធំណាស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តោតទៅលើវិស័យសុខភាព និងការអប់រំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រាជរដ្ឋាភិបាលអណត្តិទី៧ បាននិងកំពុងខិតខំពង្រឹងទៅលើមូលដ្ឋានអប់រំបន្ថែមទៀត ដោយបើកឱកាសឱ្យមានការចូលរួមពីវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស លើកទឹកចិត្តឱ្យមានការចាប់ដៃគ្នារវាងសកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំរបស់យើងជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹង ព្រោះសិស្សរបស់យើងមិនមែនត្រឹមតែរៀនសម្រាប់កម្ពុជាទេ គឺរៀនសម្រាប់ត្រៀមកម្ពុជាឱ្យអាចប្រកួតប្រជែងជាមួយពិភពលោកទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់» នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ៖ កុំព្យូទ័រអាចពូកែ ឆ្លាតវ័យបែបណាក៏ដោយ ក៏កើតឡើងដោយសារមនុស្សអ្នកបង្កើតដែរ។ ចំណែកមនុស្សគឺមានការវិវឌ្ឍជាប្រចាំថ្ងៃ ដូច្នេះការរីកចម្រើនរបស់មនុស្សយើងមិនអាចស្មានដល់បានឡើយ ប៉ុន្ដែបច្ចេកវិទ្យាអាចមានកំណត់។
សម្ដេចធិបតីបន្តថា ៖ ការអភិវឌ្ឍរីកចម្រើន បើគ្មានធនធានមនុស្ស គឺមិនអាចមានចីរភាព និងនិរន្តរភាពឡើយ។ កុំព្យូទ័រទំនើបយ៉ាងណា បើគ្មានធនធានមនុស្សជាអ្នកអភិវឌ្ឍន៍កុំព្យូទ័រនោះក៏មិនអាចវិវឌ្ឍន៍ទំនើបបានដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ធនធានមនុស្ស ជាកត្តាសំខាន់ណាស់ដែលអាចធ្វើឱ្យប្រទេសយើងមានឯករាជ្យ។ ពីមុនយើងរៀបចំផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវពឹងផ្អែកលើប្រទេសដែលជាដៃគូជួយ ប៉ុន្ដែពេលនេះតាំងពីយុទ្ធសាស្រ្ដចតុកោណ និងបញ្ចកោណដំណាក់កាលទី១នេះ គឺរៀបចំឡើងដោយកូនខ្មែរខ្លួនឯង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print