បទវិភាគអន្តរជាតិ ៖ ទង្វើរបស់សហភាពអឺរ៉ុបដែលប្រើពន្ធគយមកគាបសង្កត់លើរថយន្តចិនបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផង

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ   «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៣ខែមិថុនា   សំដៅចំពោះករណីដែលគណៈកម្មាធិការសហភាពអឺរ៉ុបប្រកាសថា  ខ្លួនគ្រោងនឹងយកពន្ធគយប្រឆាំងនឹងឧបត្ថម្ភកធនជាបណ្តោះអាសន្នខ្ពស់បំផុតរហូតដល់៣៨.១ភាគរយលើរថយន្តដើរដោយថាមពលអគ្គិសនីដែលនាំចូលពីប្រទេសចិន  សហគ្រាសផលិតរថយន្តអឺរ៉ុបដែលមានក្រុមហ៊ុនVolkswagen  Mercedes-Benzនិងក្រុមហ៊ុនBMWរបស់ប្រទេសអាល្លឺម៉ង់ជាដើមសុទ្ធតែបានសម្តែងមតិប្រឆាំងភ្លាមៗ ពួកគេយល់ឃើញថា ការដំឡើងពន្ធគយបន្ថែមទៀតនឹងរារាំងដល់ការអភិវឌ្ឍរបស់សហគ្រាសផលិតរថយន្តអឺរ៉ុប ហើយក៏នឹងបំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អឺរ៉ុបផងដែរ។

      ការប្រឆាំងរួមគ្នារបស់សហគ្រាសផលិតរថយន្តអឺរ៉ុបលើកនេះ  គឺបានបង្ហាញយ៉ាងពេញលេញថា  ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះមិនមែនដើម្បីផលប្រយោជន៍របស់ពួកគេទាល់តែសោះ  ផ្ទុយទៅវិញ  គឺកំពុងលេងឧបាយកលនយោបាយ។ ទង្វើនេះបានរំលោភលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិ  បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសផលិតរថយន្តនិងសហគ្រាសខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តរបស់ចិននិងអឺរ៉ុប ដែលអាចនិយាយបានថា បំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផង។

      ហេតុអ្វីបានជាភាគីអឺរ៉ុបមិនអើពើនឹងសំឡេងប្រឆាំង  ហើយទទូចគាបសង្កត់លើរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិនតាមរយៈមានការដំឡើងពន្ធគយ?  នៅពីក្រោយនេះ មិនត្រឹមតែមានការប្រកួតប្រជែងខាងផលប្រយោជន៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងអឺរ៉ុបតែប៉ុណ្ណោះទេ  ថែមទាំងក៏មានទំនាក់ទំនងជាមួយចិត្តគំនិតបីប្រភេទរបស់មនុស្សមួយចំនួននៅអឺរ៉ុបផងដែរ។

      ទីមួយ   ចិត្តគំនិតដែលចង់គាបសង្កត់លើការអភិវឌ្ឍរបស់ប្រទេសចិន។ នៅអឺរ៉ុប ការផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប គឺជាសំឡេងសំខាន់ៗ  ប៉ុន្តែក៏មានកម្លាំងប្រឆាំងប្រទេសចិនផងដែរ។ មនុស្សទាំងនេះ មិនចង់ឃើញការអភិវឌ្ឍរបស់ប្រទេសចិន ហើយរិះរកមធ្យោបាយដើម្បីរារាំងការធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអឺរ៉ុប។

      ទីពីរ   ចិត្តគំនិតដែលភ័យខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌។ អឺរ៉ុបមានឧត្តមភាពយ៉ាងច្បាស់លាស់ក្នុងវិស័យរថយន្តដើរដោយប្រេងសាំងអស់រយៈពេលយូរ  ប៉ុន្តែស្របពេលដែលឧស្សាហកម្មរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស  មនុស្សមួយចំនួននៅអឺរ៉ុបមានការភ័យខ្លាចថា ប្រទេសចិននឹងវ៉ាហួសខ្លួនឯង។

      ទីបី  ចិត្តគំនិតដែលធ្វើតាមអាមេរិក។  អឺរ៉ុបធ្លាប់ជាអ្នករងគ្រោះពីទង្វើគាំពារនិយមផ្នែកពាណិជ្ជកម្មរបស់អាមេរិក  ប៉ុន្តែលើកនេះវាបានក្លាយជាអ្នកបំផុសជម្លោះពាណិជ្ជកម្ម  មូលហេតុសំខាន់នៅពីក្រោយ  គឺសម្ពាធមកពីអាមេរិក។  ប៉ុន្តែភាគីអឺរ៉ុបត្រូវរក្សាចិត្តឱ្យស្ងប់ ហើយគីតថា  តើវាគួរឬមិនគួរក្នុងការធ្វើតាមអាមេរិកទៅគាបសង្កត់លើចិនដោយលះបង់ចោលកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប?

      ជាការពិត   ចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មរថយន្តថាមពលថ្មី។  ការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការដ៏វិជ្ជមាននៃរថយន្តដើរដោយថាមពលអគ្គិសនីរវាងចិននិងអឺរ៉ុប  វាមានអំណោយផលដល់ការលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្មអ៊ឺរ៉ុប ហើយក៏សមស្របទៅនឹងចក្ខុវិស័យរបស់អឺរ៉ុបក្នុងការស្វែងរកការធ្វើបរិវត្តកម្មថាមពលនិងការអភិវឌ្ឍដោយកាត់បន្ថយកាបូនផងដែរ។

      បទពិសោធន៍ប្រវត្តិសាស្ត្របានបញ្ជាក់ម្តងហើយម្តងទៀតថា ពន្ធគយមិនអាចនាំមកនូវកម្លាំងប្រកួតប្រជែងទេ ហើយក៏គ្មានអ្នកណាអាចឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនោះដែរ។ភាគីអឺរ៉ុបគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះសំឡេងប្រកបដោយសត្យានុម័តនិងវិចារណញ្ញាណរបស់គ្រប់មជ្ឈដ្ឋាន  ប្រញាប់កែតម្រូវទង្វើខុសឆ្គងភ្លាមៗ  បញ្ឈប់ការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយទៅជាបញ្ហានយោបាយនិងដោះស្រាយជម្លោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យបានសមស្របតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា។ប្រសិនបើភាគីអ៊ឺរ៉ុបធ្វើតាមតែទំនើងចិត្តរបស់ខ្លួន  ភាគីចិននឹងចាត់វិធានការចាំបាច់យ៉ាងមុតមាំ ដើម្បីការពារក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោកនិងគោលការណ៍ទីផ្សារ  ក៏ដូចជាគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print