ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្ញុំសូមស្នើឱ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់ឱ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោសទណ្ឌទៅតាមច្បាប់។ ឯកឧត្ដម បានស្នើបែបនេះខណៈ ឯកឧត្ដមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ២១រូប នៅសាលាខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម បានលើកជា ឧទាហរណ៍ថា ផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រយរៀល យកតម្លៃ៥០០រយឬ ១០០០រៀល គឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងត្រូវធ្វើការរឿងនេះ។
ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា៖ ការកាន់អំណាចយូរ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតាមរយៈកាលបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ មិនខុសច្បាប់ទេ។ មហិច្ចតារបស់សម្តេចតេជោហ៊ុន សែន គឺធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា៖ គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ពិសេសទឹកភ្លៀងហូរមកពពីខេត្តកំពង់ស្ពឺ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី គឺបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍លើកឡើងថា៖ ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលខណ្ឌច្បារអំពៅបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង៩១៣០០០សេវា ដោយទទួលបានថវិកាពីសេវានេះប្រមាណ១៨៥៦លានរៀល ចូលជាថវិកាជាតិ។ បានកសាងសមិទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន ដែលមានដូចជា ធ្វើសួនច្បារបាន៣សួនច្បារ ដាក់ភ្លើងបំភ្លឺសាធារណៈបានចំនួន២៦១៨គោម ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ ដាក់លូបានជាច្រើនខ្សែ ស្តារប្រឡាយ ដាំដើមឈើនៅតាមសាលារៀននិងតាមវត្តអារាម ជាមួយនិងការរៀបចំចិញ្ចើមផ្លូវផងដែរ។ រដ្ឋបាលខណ្ឌច្បារអំពៅ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌនូវបានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនិងការបង្ក្រាបក្មេងទំនើងផងដែរ។
សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលត្រូវបានប្រកាសអោយចូលកាន់តំណែងនៅពេលនេះមាន សមាជិក សមាជិកាចំនួន២១រូប ក្នុងនោះលោក អ៊ុំ ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅសំរាប់អាណត្តិទី៤នេះ៕. ដោយ សំរិត