រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងអាណាព្យាបាល អនុញ្ញាតឱ្យ កូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងអាណាព្យាបាល អនុញ្ញាតឱ្យ កូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ ដោយ សិក្ខាកាម សិស្ស និស្សិត មានឱកាសផ្សារភ្ជាប់ទ្រឹស្តីនិងបទពិសោធដែលមាននៅរោងជាង និងមជ្ឈមណ្ឌល ស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការ ទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួននិងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ។ ជាក់ស្តែង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភា ពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ លើការហាត់ការនិងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស។

សម្តេចធិបតី បញ្ជាក់ថា ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជន សិស្ស និស្សិត បុគ្គលនៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនាញដើម្បីឱ្យពួកគាត់ មានចំណេះដឹង ជំនាញ ឥរិយាបថទន់ភ្លន់បត់បែន ងាយស្រួលក្នុងការទទួលបានការងារ ឬបង្កើតមុខរបរដោយ ខ្លួនឯង ដែលអាចបង្កើតប្រាក់ចំណូលពេញមួយជីវិត។

សម្តេចធិបតី គូសបញ្ជាក់ថា ៖ បងប្អូនកម្មករនិយោជិត ក៏មានឱកាសផ្លាស់ប្តូរ ឬទទួលបានការងារថ្មី តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ (Reskilling) ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតមួយចំនួនដែលត្រូវបានរោងចក្រព្យួរការងារ ឬកំពុង ស្វែងរកការងារថ្មី។ ចំពោះកម្មវិធីបង្កើនជំនាញ (Upskilling) ក៏ផ្តល់លទ្ធភាពនិងឱកាសដល់បងប្អូនកម្មករ និយោជិតដែលកំពុងធ្វើការស្រាប់ ក្នុងការបង្កើនផលិតភាព ជំនាញ និង/ឬមុខតំណែងរបស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងមុន។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ មានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនិងកម្មករនិយោជិត ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង មានវគ្គបណ្តុះបណ្តាលនៅពេលយប់ និងថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិត អាចចូលរៀនវគ្គបណ្តុះបណ្តាល នេះបាន ដោយនៅតែរក្សាបានប្រាក់ខែ ម៉ោងការងារ និងទទួលបានការបង្កើនជំនាញរបស់ខ្លួនថែមទៀត។

សម្តេចធិបតី បានលើកថា ៖ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន និងដៃគូ អភិវឌ្ឍ ជាពិសេសវិស័យឯកជនដែលបានផ្តល់កិច្ចសហការគាំទ្រ និងចូលរួម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print