ខេត្តកណ្តាល៖ អ្នករកស៊ីដឹកមាន់លក់ម្នាក់ត្រូវរថយន្តកុងតឺន័រកិនស្លាប់កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះឆេង ដា អាយុ២១ឆ្នាំ មានទីលំនៅភូមិជ្រួស ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៦ ដឹកមាន់ពីខេត្តព្រៃវែងមកដាក់អឲ្យម៉ូយនៅផ្សារគគីរ ពេលមកដល់កន្លែងកើតហេតុក៏មានការដ្ឋានសាងសង់ស្ថានីយ៍ប្រេងនៅក្បែរចិញ្ចើមផ្លូវ ដែលការដ្ឋាននេះមានរថយន្តដឹកដីជាច្រើនគ្រឿងកំពុងដឹកដីចាក់ឈប់ចតនៅចិញ្ចើមផ្លូវ ។ គ្រានោះជនរងគ្រោះបានប៉ះគ្នាជាមួយរថយន្តដឹកដីហើយដួលខ្ទាតចូលមកកណ្តាលផ្លូវ ក៏ត្រូវរថយន្តកុងតឺន័រមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង បើកមកដល់កិនខ្ទេចក្បាលតែម្តង ។
ក្រោយកើតហេតុរថយន្តកុងតឺន័របើកគេចបាត់ ចំណែករថយន្តដឹកដីជាច្រើនគ្រឿងដែលបង្កភាពអាណាធិបតេយ្យនៅចិញ្ចើមផ្លូវជាតិរួមនិងគ្រឿងចក្រ១គ្រឿងផងនោះនាំគ្នាបើកគេចចេញពីការដ្ឋានបាត់អស់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕
ដោយ៖ សណ្តោស