ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧:០០នាទី បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទឃាតកម្ម(ប្រើដៃវាយក្បាលផ្នែកខាងក្រោយទារកអាយុ០៤ខែបណ្ដាលឲ្យស្លាប់) ឃាត់ខ្លួននៅចំណុចលើផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះថា ជនសង្ស័យខាងលើនេះ បានប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់លេខ២០២ ជាន់ទី២ ផ្ទះសំណាក់តារាពេជ្រ ទីតាំងផ្ទះលេខ១២ ផ្លូវលេខ២៤៣ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥និង៣០នាទីទាបភ្លឺ ។
ជនសង្ស័យឈ្មោះ ធន ថាវីន ហៅ គឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួលមិនចាំលេខ ផ្លូវរថភ្លើង ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-7160 មានលេខតួនិងលេខម៉ាស៊ីន97201917 (ចាប់យកពីជនសង្ស័យរូបនេះ)
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕អរុណរះ