ខេត្តកំពង់ចាម ៖ សូមអរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជាន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។ នេះជាប្រសាសន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា ៖ ព្រឹកនេះ ខ្ញុំបានជួបសំណេះសំណាល និងចែកអាវភ្លៀវ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រគល់ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ នៃយោធភូមិទី២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម។
លោកបន្តថា ៖ សម្តេចទាំងពីរ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រៅបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងទ័ពរបស់យើង និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ។
សូមអរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជាន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។
ក្នុងនាមជាអ្នកការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន ដាច់ខាតត្រូវប្រឆាំងជាមួយគ្រឿងញៀន។ សូមគោរពឯកសណ្ឋាន តួនាទី ភារកិច្ច និងវិន័យរបស់ខ្លួន។ គ្រឿងញៀន នឹងបំផ្លាញសង្គមជាតិយើងទាំងមូល ប្រសិនបើយើងមិនរួមគ្នាទប់ស្កាត់គ្រប់រូបភាព រួមទាំងការប្រើប្រាស់។
រាជរដ្ឋាភិបាល នឹងបន្តធ្វើកំណែទម្រង់តាមអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងអំពើពុករលួយ និងធានាការអភិវឌ្ឍដោយចីរភាព ៕