សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ចែករំលែក៖

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និង ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជាដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។ ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹង កាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់ អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេស ស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា។ ឆ្នាំនេះ គឺជាខួបលើក ទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤។ កន្លងមក ទូទាំងសកលលោក ក៏ដូចជាព្រះរាជាណាចក្រ កម្ពុជាយើង ដែលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ ជាហេតុមិនអាចមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធទិវាដូចសព្វដង។

ក្នុងន័យនេះដែរ ដើម្បីគោរពនូវវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖

១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា រៀបចំកម្មវិធីរបស់ទិវាអតីតយុទ្ធជនកម្ពុជា និងត្រូវយកចិត្តទុកដាក់ធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារវិស័យ អតីតយុទ្ធជន ឆ្នាំ២០២៣ កន្លងទៅ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។

២- ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនផ្សព្វផ្សាយសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ និងខ្លឹមសារឯកសារនានាពាក់ព័ន្ធនឹងទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសកម្មភាពសង្គមរបស់អតីតយុទ្ធជនកម្ពុជា។

៣- អាជ្ញាធរដែនដីរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង សមាគមអតីតយុទ្ធជនកម្ពុជានៅរាជធានី ខេត្តនីមួយៗ ដើម្បីរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងខួប លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជានៅរាជធានី ខេត្ត។

៤- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន តាមមូលដ្ឋានយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ យុទ្ធជន យុទ្ធនារី ដែលកំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់។

៥- គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំចងបដាពាក្យស្លោកតាមខ្លឹមសារដូចខាងក្រោម៖

– ជយោ! ព្រះរាជាណាចក្រកម្ពុជា

– អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤

– រៀនសូត្រតាមគំរូវីរភាពរបស់អតីតយុទ្ធជនកម្ពុជា

– អភិវឌ្ឍអតីតយុទ្ធជន ដើម្បីអភិវឌ្ឍប្រទេសជាតិ និងការពារមាតុភូមិ

– ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ

– ការពារជាតិដើម្បីសន្តិភាព សន្តិភាពដើម្បីការអភិវឌ្ឍ។

៦- រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនជនរួមជាតិ ព្រមទាំងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិផ្នែកឯកជនទាំងអស់ សូមចូលរួមអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ក្នុងក្តីសោមនស្សរីករាយ ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងផ្សារភ្ជាប់ជាមួយ អតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្ម នៅតំបន់ព្រំដែន ដែនកោះ ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវររបស់យើង។

...

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រប់កងឯកភាពនៃកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print