មកដឹងពីប្រភេទសេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ លទ្ធផលនៃការបម្រើ និងចំណូលរកបាន!

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ បច្ចុប្បន្ន ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ កំពុងដំណើរការផ្តល់សេវា ប្រជាពលរដ្ឋប្រមាណជាង៣០០សេវា លើវិស័យជំនាញចំនួន១៧ រួមមាន៖

១.វិស័យជូនទេសចរណ៍ ។

២. វិស័យវប្បធម៌ ។

៣. វិស័យពាណិជ្ជកម្ម ។

៤. វិស័យសាធារណការ។

 ៥. វិស័យឧស្សាហកម្ម ។

៦. វិស័យសំណង់ ។

៧. វិស័យកសិកម្ម ។

៨. វិស័យសុខាភិបាល ។

៩. វិស័យអប់រំ ។

១០. វិស័យ រ៉ែនិងថាមពល ។

១១. វិស័យបរិស្ថាន ។

១២.វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។

១៣. វិស័យធម្មការនិងសាសនា ។

១៤.ការងារអត្រានុកូលដ្ឋាន ។

១៥. ការងារនីត្យានុកូលកម្ម ។

១៦.ការងាររដ្ឋបាល ។

និង១៧.ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី។ នេះបើតាមលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។

ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្តយន្តការច្រកចេញចូលតែមួយ រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ដំណាច់ឆ្នាំ២០២៣ ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន១៥.០៧៣.២០៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៥៩.៣៩៧.៥៥០.៧៦០ រៀល ស្មើនឹង ៣៩.៨៤៩.៣៨៧,៦៩ ដុល្លារអាម៉េរិក។

ចំពោះសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៩ខែ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤) ការិយាល័យច្រកចេញ ចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ២.៤២១.៨៩៦សេវា និង ទទួលបានចំណូល ៨.០៨៧.៥៧៦.០៣៤រៀល ស្មើនឹង ២.០២១.៨៩៤ដុល្លារអាម៉េរិកក្នុងនោះ វិស័យដែលបានផ្តល់សេវា និងទទួលបានចំណូលច្រើនជាងគេ គឺវិស័យសុរិយោដី និងវិស័យដែលផ្តល់សេវា និងទទួលបានចំណូលបានតិចជាងគេ គឺវិស័យពាណិជ្ជកម្ម។ នេះបើតាមលោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ។

ដោយឡែក ចំពោះយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ផ្អែកតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្តីពី បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ហើយអគ្គនាយកដ្ឋានរដ្ឋបាលក៏បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំនេះជូនរដ្ឋបាល រាជធានី ខេត្ត ដើម្បីគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំដាក់ឱ្យអនុវត្តយន្តការច្រកចេញ ចូលតែមួយនៅគ្រប់ឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានមុនដំណាច់ឆ្នាំ២០២២។ បច្ចុប្បន្ន មានសេវាសរុបចំនួន២៣ ដែលកំពុងអនុវត្តតាមយន្តការនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print